លេវី‌វិន័យ 23:22-32 Khmer Standard Version (KHSV)

22. ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។ ត្រូវ​ទុក​ឲ្យ​ជន​ទុគ៌ត និង​ជន​បរ‌ទេស​រើស​បរិភោគ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក»។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

24. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ គឺ​ជា​ថ្ងៃ​សម្រាក។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក និង​ស្រែក​ជយ‌ឃោស ដោយ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

25. អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ តែ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់»។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

27. «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ ត្រូវ​តម​អាហារ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់។

28. នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

29. អ្នក​ដែល​ពុំ​តម​អាហារ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

30. អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

31. អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

32. ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ដូច​ថ្ងៃ​សប្ប័ទ ហើយ​ត្រូវ​តម​អាហារ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បួន​ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​សម្រាក​ដូច​ថ្ងៃ​សប្ប័ទ ចាប់​ពី​ពេល​ល្ងាច​នៃ​ថ្ងៃ​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់»។

លេវី‌វិន័យ 23