លេវី‌វិន័យ 23:20-29 Khmer Standard Version (KHSV)

20. បូជា‌ចារ្យ​លើក​សត្វ​ទាំង​នោះ ព្រម​ទាំង​នំប៉័ង​ដែល​ជា​ផល​ដំបូង និង​កូន​ចៀម​ទាំង​ពីរ ថ្វាយ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដ៏​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ ហើយ​ប្រគល់​ជូន​បូជា‌ចារ្យ។

21. នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

22. ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។ ត្រូវ​ទុក​ឲ្យ​ជន​ទុគ៌ត និង​ជន​បរ‌ទេស​រើស​បរិភោគ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក»។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

24. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ គឺ​ជា​ថ្ងៃ​សម្រាក។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក និង​ស្រែក​ជយ‌ឃោស ដោយ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

25. អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ តែ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់»។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

27. «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ ត្រូវ​តម​អាហារ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់។

28. នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ជា​ថ្ងៃ​បុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

29. អ្នក​ដែល​ពុំ​តម​អាហារ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

លេវី‌វិន័យ 23