15. ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ គឺថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ ត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។
16. អ្នករាល់គ្នាត្រូវគិតហាសិបថ្ងៃ រហូតដល់ថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទទីប្រាំពីរ ថ្ងៃនោះត្រូវយកតង្វាយពីស្រូវថ្មីមកថ្វាយព្រះអម្ចាស់។
17. អ្នករាល់គ្នាត្រូវយកនំប៉័ងពីរដុំពីផ្ទះរបស់អ្នករាល់គ្នា មកថ្វាយព្រះអម្ចាស់។ ត្រូវប្រើម្សៅម៉ដ្ដពីរភាគដប់នៃអេផាដុតជាមួយមេនំប៉័ង សម្រាប់ធ្វើជានំប៉័ងដំបូងបង្អស់ ថ្វាយព្រះអម្ចាស់។
18. អ្នករាល់គ្នាត្រូវយកកូនចៀមប្រាំពីរអាយុមួយខួបល្អឥតខ្ចោះ គោស្ទាវមួយ និងចៀមឈ្មោលពីរ ថែមពីលើនំប៉័ងនេះ ថ្វាយព្រះអម្ចាស់ជាតង្វាយដុតទាំងមូល ព្រមទាំងយកម្សៅ និងស្រាទំពាំងបាយជូរសម្រាប់ពិធីច្រួចស្រា មកថ្វាយជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
19. អ្នករាល់គ្នាត្រូវថ្វាយពពែឈ្មោលមួយ ជាយញ្ញបូជារំដោះបាប ព្រមទាំងកូនចៀមពីរអាយុមួយខួប ជាយញ្ញបូជាមេត្រីភាព។
20. បូជាចារ្យលើកសត្វទាំងនោះ ព្រមទាំងនំប៉័ងដែលជាផលដំបូង និងកូនចៀមទាំងពីរ ថ្វាយព្រះអម្ចាស់។ តង្វាយទាំងនោះត្រូវថ្វាយជាតង្វាយដ៏សក្ការៈដល់ព្រះអម្ចាស់ ហើយប្រគល់ជូនបូជាចារ្យ។
21. នៅថ្ងៃនោះ អ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ មិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
22. ពេលណាអ្នករាល់គ្នាច្រូតស្រូវនៅក្នុងស្រែរបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសកួរស្រូវដែលជ្រុះដែរ។ ត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក»។
23. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
24. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: នៅថ្ងៃទីមួយក្នុងខែទីប្រាំពីរ គឺជាថ្ងៃសម្រាក។ អ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យរំឭក និងស្រែកជយឃោស ដោយជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។
25. អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ តែត្រូវថ្វាយយញ្ញបូជាជាតង្វាយដុតដល់ព្រះអម្ចាស់»។
26. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
27. «នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ ត្រូវតមអាហារ ហើយថ្វាយយញ្ញបូជា ជាតង្វាយដុតដល់ព្រះអម្ចាស់។
28. នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ដ្បិតជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវធ្វើពិធីជម្រះបាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
29. អ្នកដែលពុំតមអាហារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។
30. អ្នកដែលធ្វើការអ្វីមួយនៅថ្ងៃនោះ យើងនឹងធ្វើឲ្យគេវិនាសនៅក្នុងចំណោមប្រជាជនរបស់ខ្លួន។