11. នៅថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ* បូជាចារ្យត្រូវលើកកណ្ដាប់ស្រូវនេះថ្វាយព្រះអម្ចាស់ ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យទទួលយកពីអ្នករាល់គ្នា។
12. នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ ត្រូវថ្វាយកូនចៀមមួយអាយុមួយខួប ល្អឥតខ្ចោះ ជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់
13. ព្រមទាំងយកម្សៅម៉ដ្ដពីរភាគដប់នៃអេផា*លាយជាមួយប្រេង មកថ្វាយជាមួយកូនចៀមនោះ ជាតង្វាយដុត មានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ចូរយកស្រាទំពាំងបាយជូរមួយភាគបួននៃហ៊ីន* មកថ្វាយសម្រាប់ពិធីច្រួចស្រាដែរ។
14. អ្នករាល់គ្នាអាចបរិភោគនំប៉័ង លាជ ឬស្រូវថ្មីបាន លុះត្រាណាតែអ្នករាល់គ្នានាំយកតង្វាយមកថ្វាយព្រះរបស់អ្នករាល់គ្នា តាមពេលកំណត់ជាមុនសិន។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
15. ចាប់ពីថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ គឺថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ ត្រូវកំណត់ពេលពេញប្រាំពីរអាទិត្យ។