លេវី‌វិន័យ 22:8-23 Khmer Standard Version (KHSV)

8. បូជា‌ចារ្យ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ខាំ​ឡើយ ដើម្បី​កុំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​សត្វ​នោះ។ យើង​ជា​ព្រះ‌អម្ចាស់។

9. បូជា‌ចារ្យ​ត្រូវ​ប្រតិបត្តិ​តាម​ឱវាទ​របស់​យើង ដើម្បី​កុំ​ឲ្យ​ខ្លួន​មាន​ទោស ហើយ​ស្លាប់ ព្រោះ​តែ​រំលោភ​លើ​ឱវាទ​របស់​យើង​ស្ដី​អំពី​អាហារ។ យើង​ជា​ព្រះ‌អម្ចាស់​ដែល​ញែក​ពួក​គេ​ឲ្យ​វិសុទ្ធ។

10. មិន​ត្រូវ​ឲ្យ​អ្នក​ផ្សេង ក្រៅ​ពី​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ​បរិភោគ​អាហារ​ដ៏‌វិសុទ្ធ​ឡើយ សូម្បី​តែ​ភ្ញៀវ ឬ​អ្នក​ធ្វើ​ការ​ឲ្យ​បូជា‌ចារ្យ ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏‌វិសុទ្ធ​ដែរ។

11. ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ដែល​បូជា‌ចារ្យ​បាន​ទិញ​មក មាន​សិទ្ធិ​បរិភោគ​ដូច​អ្នក​បម្រើ ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​បូជា‌ចារ្យ​ដែរ។

12. កូន​ស្រី​របស់​បូជា‌ចារ្យ ដែល​រៀប‌ការ​ជា​មួយ​អ្នក​មិន​មែន​ជា​បូជា‌ចារ្យ គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដែល​យក​ពី​តង្វាយ​ដ៏‌វិសុទ្ធ​ឡើយ។

13. ប៉ុន្តែ កូន​ស្រី​របស់​បូជា‌ចារ្យ​ដែល​ជា​ស្ត្រី​មេ‌ម៉ាយ ឬ​ត្រូវ​ប្ដី​លែង ហើយ​គ្មាន​កូន​ចៅ​ទេ ពេល​នាង​វិល​ត្រឡប់​ទៅ​នៅ​ជា​មួយ​ឪពុក​វិញ ដូច​គ្រា​នៅ​ពី​ក្មេង នាង​មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​របស់​ឪពុក​នាង​បាន។ រី​ឯ​អ្នក​ក្រៅ​គ្មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​នេះ​ឡើយ។

14. ប្រសិន​បើ​នរណា​បរិភោគ​តង្វាយ​ដ៏‌វិសុទ្ធ​ដោយ​មិន​ដឹង​ខ្លួន ត្រូវ​យក​អាហារ​មក​សង​បូជា‌ចារ្យ ស្រប​តាម​តម្លៃ​តង្វាយ​នោះ ព្រម​ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ​ផង។

15. បូជា‌ចារ្យ​មិន​ត្រូវ​ធ្វើ​ឲ្យ​តង្វាយ​ដ៏‌វិសុទ្ធ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ។

16. ប្រសិន​បើ​បូជា‌ចារ្យ​បរិភោគ​តង្វាយ​ដ៏‌វិសុទ្ធ*​ដោយ​មិន​សម‌រម្យ ពួក​គេ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ទោស។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ញែក​ពួក​គេ​ឲ្យ​វិសុទ្ធ»។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

18. «ចូរ​ប្រាប់​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល អ្នក​ណា​នាំ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់ ទោះ​បី​តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត​ក្ដី

19. ដើម្បី​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គេ​ត្រូវ​យក​គោ​ឈ្មោល កូន​ចៀម និង​កូន​ពពែ ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ។

20. មិន​ត្រូវ​ថ្វាយ​សត្វ​ណា​មួយ​ដែល​ពិការ​ឡើយ ដ្បិត​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ទទួល​ពី​អ្នក​ទេ។

21. ប្រសិន​បើ​នរណា​ម្នាក់​យក​គោ ឬ​ចៀម​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដើម្បី​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត សត្វ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ទើប​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ គឺ​សត្វ​នោះ​មិន​ត្រូវ​មាន​ភាព​ពិការ​ឡើយ។

22. មិន​ត្រូវ​ថ្វាយ​សត្វ​ខ្វាក់​ភ្នែក ខូច​ជើង ឬ​កំបុត​ជើង អង្គែ​ស៊ី កើត​រមាស់ ឬ​កើត​ស្រែង​ឡើយ។ កុំ​យក​សត្វ​របៀប​នេះ​ធ្វើ​ជា​តង្វាយ​ដុត​លើ​អាសនៈ ថ្វាយ​ព្រះ‌អម្ចាស់​ឲ្យ​សោះ។

23. អ្នក​អាច​យក​គោ ឬ​កូន​ចៀម ដែល​មាន​ជើង​វែង​ពេក ឬ​ខ្លី​ពេក មក​ថ្វាយ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត​បាន តែ​បើ​ជា​តង្វាយ​លា​បំណន់​វិញ ព្រះ‌អម្ចាស់​មិន​គាប់​ព្រះ‌ហឫទ័យ​ទទួល​សត្វ​បែប​នេះ​ទេ។

លេវី‌វិន័យ 22