20. មិនត្រូវថ្វាយសត្វណាមួយដែលពិការឡើយ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យទទួលពីអ្នកទេ។
21. ប្រសិនបើនរណាម្នាក់យកគោ ឬចៀមមកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព ដើម្បីលាបំណន់ ឬជាតង្វាយស្ម័គ្រចិត្ត សត្វនោះត្រូវតែល្អឥតខ្ចោះ ទើបគាប់ព្រះហឫទ័យព្រះអង្គ គឺសត្វនោះមិនត្រូវមានភាពពិការឡើយ។
22. មិនត្រូវថ្វាយសត្វខ្វាក់ភ្នែក ខូចជើង ឬកំបុតជើង អង្គែស៊ី កើតរមាស់ ឬកើតស្រែងឡើយ។ កុំយកសត្វរបៀបនេះធ្វើជាតង្វាយដុតលើអាសនៈ ថ្វាយព្រះអម្ចាស់ឲ្យសោះ។
23. អ្នកអាចយកគោ ឬកូនចៀម ដែលមានជើងវែងពេក ឬខ្លីពេក មកថ្វាយជាតង្វាយស្ម័គ្រចិត្តបាន តែបើជាតង្វាយលាបំណន់វិញ ព្រះអម្ចាស់មិនគាប់ព្រះហឫទ័យទទួលសត្វបែបនេះទេ។
24. អ្នកមិនត្រូវយកសត្វដែលគេដំកម្ទេច កាត់ ឬក្រៀវពង មកថ្វាយឡើយ។ ក្នុងស្រុករបស់អ្នករាល់គ្នា កុំធ្វើរបៀបនេះឲ្យសោះ។
25. អ្នករាល់គ្នាមិនត្រូវទទួលសត្វប្រភេទនេះពីជនបរទេស មកថ្វាយជាអាហារដល់ព្រះរបស់អ្នករាល់គ្នាឡើយ ព្រោះជាសត្វមិនគ្រប់លក្ខណៈ មកពីគេក្រៀវ។ ដូច្នេះ ព្រះអង្គមិនព្រមទទួលពីអ្នករាល់គ្នាឡើយ»។
26. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
27. «គោ ចៀម ឬពពែដែលកើតមក ត្រូវនៅជាមួយមេវាចំនួនប្រាំពីរថ្ងៃ។ ចាប់ពីថ្ងៃទីប្រាំបីទៅ សត្វនោះអាចធ្វើជាតង្វាយដុត ដែលព្រះអម្ចាស់សព្វព្រះហឫទ័យនឹងទទួល។
28. មិនត្រូវសម្លាប់គោ ឬចៀម ទាំងមេ ទាំងកូន ក្នុងថ្ងៃតែមួយឡើយ។
29. ពេលណាអ្នករាល់គ្នាយកយញ្ញបូជាមកថ្វាយព្រះអម្ចាស់ ដើម្បីលើកតម្កើងព្រះអង្គ ត្រូវថ្វាយតាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ។
30. ចូរបរិភោគសាច់របស់សត្វនោះ នៅថ្ងៃធ្វើយញ្ញបូជា គឺមិនត្រូវទុករហូតដល់ព្រឹកស្អែកឡើយ។ យើងជាព្រះអម្ចាស់។
31. អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។ យើងជាព្រះអម្ចាស់។