1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
2. «ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ថា ក្នុងករណីខ្លះ ពួកគេមិនអាចបរិភោគតង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលថ្វាយជាសក្ការៈបូជាដល់យើងឡើយ ក្រែងលោគេបង្អាប់នាមដ៏វិសុទ្ធរបស់យើង។ យើងជាព្រះអម្ចាស់។
3. ចូរប្រាប់ពួកគេថា: ក្នុងចំណោមពូជពង្សរបស់អ្នករាល់គ្នាគ្រប់ជំនាន់ អ្នកដែលមានភាពមិនបរិសុទ្ធ ហើយប៉ះពាល់តង្វាយដ៏វិសុទ្ធ ដែលជនជាតិអ៊ីស្រាអែលថ្វាយជាសក្ការៈបូជាដល់ព្រះអម្ចាស់ ត្រូវដកអ្នកនោះកុំឲ្យបំពេញមុខងារនៅចំពោះមុខយើងទៀត។ យើងជាព្រះអម្ចាស់។
4. ក្នុងចំណោមពូជពង្សរបស់អើរ៉ុន អ្នកកើតឃ្លង់ ឬជំងឺកាមរោគ មិនអាចបរិភោគអាហារដ៏វិសុទ្ធទេ គឺលុះត្រាណាតែគេជាបរិសុទ្ធឡើងវិញ។ រីឯអ្នកដែលប៉ះពាល់នឹងមនុស្សសៅហ្មងដោយសារពាល់សាកសព ឬមនុស្សដែលហូរទឹកកាម ក៏មិនអាចបរិភោគដែរ។
5. អ្នកប៉ះពាល់សត្វលូនវារ ដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង ឬប៉ះពាល់មនុស្សណាម្នាក់ដែលមិនបរិសុទ្ធដោយប្រការណាក៏ដោយ ជាហេតុបណ្ដាលឲ្យខ្លួនសៅហ្មងដែរនោះ ក៏មិនអាចបរិភោគបានទេ។
6. អ្នកប៉ះពាល់មនុស្ស ឬសត្វមិនបរិសុទ្ធបែបនេះ ត្រូវនៅមិនបរិសុទ្ធ រហូតដល់ល្ងាច។ គេគ្មានសិទ្ធិបរិភោគអាហារដ៏វិសុទ្ធទេ លុះត្រាតែយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។