8. ចូរចាត់ទុកបូជាចារ្យជាមនុស្សវិសុទ្ធ ព្រោះគេយកអាហារទៅថ្វាយព្រះរបស់អ្នក។ គេជាមនុស្សវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។
9. ប្រសិនបើកូនស្រីរបស់បូជាចារ្យបង្ខូចខ្លួន ដោយប្រព្រឹត្តអំពើពេស្យាចារ នាងនោះបន្ថោកឪពុករបស់ខ្លួន ដូច្នេះ ត្រូវយកនាងទៅដុតទាំងរស់។
10. មហាបូជាចារ្យដែលជាប្រមុខលើពួកបូជាចារ្យ ហើយបានទទួលពិធីចាក់ប្រេងតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈ មិនត្រូវដកឆ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។
11. មហាបូជាចារ្យមិនត្រូវចូលទៅជិតសាកសព គឺសូម្បីតែសាកសពឪពុកម្ដាយរបស់គាត់ផ្ទាល់ក៏គាត់មិនត្រូវប៉ះពាល់ដែរ ព្រោះបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង។
12. គាត់មិនត្រូវចេញពីទីសក្ការៈ ហើយបង្អាប់បង្អោនទីសក្ការៈព្រះរបស់ខ្លួនទេ ដ្បិតគាត់បានទទួលពិធីតែងតាំងដោយប្រេងនៃព្រះរបស់គាត់។ យើងជាព្រះអម្ចាស់។
13. គាត់ត្រូវរៀបការតែនឹងស្ត្រីព្រហ្មចារី
14. គឺមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ស្ត្រីប្ដីលែង ស្ត្រីពេស្យា ឬស្ត្រីខូចខ្លួនឡើយ តែត្រូវរៀបការជាមួយស្ត្រីព្រហ្មចារី ក្នុងអំបូររបស់គាត់។
15. ធ្វើដូច្នេះ គាត់មិនបង្ខូចពូជពង្សរបស់គាត់ នៅក្នុងចំណោមប្រជាជនរបស់គាត់ឡើយ ដ្បិតយើងជាព្រះអម្ចាស់ យើងប្រោសគាត់ឲ្យវិសុទ្ធ»។
16. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
17. «ចូរប្រាប់អើរ៉ុនដូចតទៅ: ក្នុងចំណោមពូជពង្សរបស់គាត់ នៅគ្រប់ជំនាន់ មិនត្រូវឲ្យនរណាម្នាក់ដែលមានរូបរាងកាយមិនធម្មតា នាំយកតង្វាយចូលទៅថ្វាយព្រះរបស់ខ្លួនឡើយ។
18. មនុស្សមានរូបរាងកាយមិនធម្មតា ពុំអាចចូលទៅក្នុងទីសក្ការៈទេ គឺមនុស្សខ្វាក់ មនុស្សខ្ញើចជើង ច្រមុះក្រពឹត ដៃជើងមិនស្មើគ្នា
19. មនុស្សកំបុតដៃ ឬកំបុតជើង
20. មនុស្សគម កើតអុត មានស្នាមនៅលើភ្នែក កើតរមាស់ កើតស្រែង ខូចពង។