5. បូជាចារ្យមិនត្រូវកោរសក់ មិនត្រូវកោរជាយពុកចង្កា ឬធ្វើពិធីឆូតសាច់របស់ខ្លួនឡើយ។
6. ពួកគេត្រូវតែវិសុទ្ធសម្រាប់ព្រះរបស់ខ្លួន ហើយមិនបន្ថោកព្រះនាមព្រះរបស់ខ្លួនទេ ដ្បិតពួកគេមានមុខងារថ្វាយយញ្ញបូជា និងអាហារដល់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ដូច្នេះ ពួកគេត្រូវតែវិសុទ្ធ។
7. បូជាចារ្យមិនត្រូវយកស្ត្រីពេស្យា ឬស្ត្រីខូចមកធ្វើជាភរិយាឡើយ ហើយក៏មិនត្រូវយកស្ត្រីប្ដីលែងដែរ ព្រោះបូជាចារ្យត្រូវរក្សាខ្លួនឲ្យវិសុទ្ធ ថ្វាយព្រះរបស់ខ្លួន។
8. ចូរចាត់ទុកបូជាចារ្យជាមនុស្សវិសុទ្ធ ព្រោះគេយកអាហារទៅថ្វាយព្រះរបស់អ្នក។ គេជាមនុស្សវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។
9. ប្រសិនបើកូនស្រីរបស់បូជាចារ្យបង្ខូចខ្លួន ដោយប្រព្រឹត្តអំពើពេស្យាចារ នាងនោះបន្ថោកឪពុករបស់ខ្លួន ដូច្នេះ ត្រូវយកនាងទៅដុតទាំងរស់។
10. មហាបូជាចារ្យដែលជាប្រមុខលើពួកបូជាចារ្យ ហើយបានទទួលពិធីចាក់ប្រេងតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈ មិនត្រូវដកឆ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។
11. មហាបូជាចារ្យមិនត្រូវចូលទៅជិតសាកសព គឺសូម្បីតែសាកសពឪពុកម្ដាយរបស់គាត់ផ្ទាល់ក៏គាត់មិនត្រូវប៉ះពាល់ដែរ ព្រោះបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង។
12. គាត់មិនត្រូវចេញពីទីសក្ការៈ ហើយបង្អាប់បង្អោនទីសក្ការៈព្រះរបស់ខ្លួនទេ ដ្បិតគាត់បានទទួលពិធីតែងតាំងដោយប្រេងនៃព្រះរបស់គាត់។ យើងជាព្រះអម្ចាស់។
13. គាត់ត្រូវរៀបការតែនឹងស្ត្រីព្រហ្មចារី
14. គឺមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ស្ត្រីប្ដីលែង ស្ត្រីពេស្យា ឬស្ត្រីខូចខ្លួនឡើយ តែត្រូវរៀបការជាមួយស្ត្រីព្រហ្មចារី ក្នុងអំបូររបស់គាត់។