លេវី‌វិន័យ 20:7-17 Khmer Standard Version (KHSV)

7. អ្នក​រាល់​គ្នា​ត្រូវ​ញែក​ខ្លួន​ឲ្យ​វិសុទ្ធ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ ព្រោះ​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

8. ត្រូវ​កាន់ និង​អនុវត្ត​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។

9. អ្នក​ជេរ​ប្រមាថ​ឪពុក​ម្ដាយ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​នោះ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន ព្រោះ​បាន​ជេរ​ប្រមាថ​ឪពុក​ម្ដាយ។

10. ប្រសិន​បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ស្ត្រី​ដែល​មាន​ប្ដី​ហើយ អ្នក​នោះ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ។ បុរស និង​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច្នេះ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

11. ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន គឺ​បន្ថោក​កិត្តិយស​ឪពុក បុរស និង​ស្ត្រី​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

12. ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​ខ្លួន អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

13. ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​បុរស​ម្នាក់​ទៀត ដូច​គេ​រួម​ដំណេក​ជា​មួយ​ស្ត្រី អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​អំពើ​មួយ​គួរ​ស្អប់​ខ្ពើម​បំផុត គេ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

14. ប្រសិន​បើ​បុរស​ម្នាក់​យក​ស្ត្រី​ពីរ​នាក់ ទាំង​ម្ដាយ ទាំង​កូន​ស្រី​មក​ធ្វើ​ជា​ប្រពន្ធ គឺ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប។ ត្រូវ​យក​ជន​នោះ និង​ស្រី​ទាំង​ពីរ​ទៅ​ដុត ដើម្បី​បំបាត់​អំពើ​ដ៏​ថោក​ទាប​នេះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

15. ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​សត្វ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​សត្វ​ក៏​ត្រូវ​សម្លាប់​ចោល​ដែរ។

16. ប្រសិន​បើ​ស្ត្រី​ម្នាក់​ទៅ​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​នោះ ទាំង​សត្វ។ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

17. ប្រសិន​បើ​បុរស​ម្នាក់​យក​ប្អូន​ស្រី ឬ​បង​ស្រី​របស់​ខ្លួន​មក​ធ្វើ​ជា​ប្រពន្ធ ទោះ​បី​នាង​ជា​បង‌ប្អូន​ឪពុក​តែ​មួយ ឬ​បង‌ប្អូន​ពោះ​មួយ​ក្ដី ប្រសិន​បើ​អ្នក​ទាំង​ពីរ​រួមរ័ក​ជា​មួយ​គ្នា គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់​បំផុត។ ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ បុរស​ដែល​រួមរ័ក​ជា​មួយ​ប្អូន​ស្រី ឬ​បង​ស្រី​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។

លេវី‌វិន័យ 20