19. មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ម្ដាយអ្នក ហើយក៏មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ឪពុកអ្នកដែរ។ អ្នកដែលរួមរ័កជាមួយសាច់ញាតិដ៏ជិតដិតរបស់ខ្លួនដូច្នេះ ត្រូវទទួលខុសត្រូវលើកំហុសរបស់ខ្លួន។
20. ប្រសិនបើបុរសម្នាក់រួមរ័កជាមួយប្រពន្ធឪពុកមារបស់ខ្លួន អ្នកនោះបន្ថោកកិត្តិយសឪពុកមារបស់ខ្លួន។ អ្នកទាំងពីរត្រូវទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួន ហើយពួកគេនឹងស្លាប់ទាំងគ្មានកូន។
21. ប្រសិនបើបុរសម្នាក់រួមរ័កជាមួយបងថ្លៃ ឬប្អូនថ្លៃរបស់ខ្លួន គឺជាអំពើមួយដ៏សៅហ្មង អ្នកនោះបន្ថោកកិត្តិយសបងប្អូនរបស់ខ្លួន ហើយគេនឹងគ្មានកូនឡើយ។
22. ចូរកាន់តាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រតិបត្តិតាមទៀតផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមិនខ្ចាត់ខ្ចាយចេញពីទឹកដី ដែលយើងនាំអ្នករាល់គ្នាទៅរស់នៅនោះឡើយ។
23. ចូរកុំធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលយើងនឹងដេញចេញពីមុខអ្នករាល់គ្នាឲ្យសោះ ដ្បិតពួកគេបានធ្វើឲ្យយើងស្អប់ខ្ពើម ព្រោះតែអំពើទាំងនេះ។
24. យើងបានប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងកាន់កាប់ស្រុករបស់ពួកគេ យើងប្រគល់ស្រុកនោះឲ្យអ្នករាល់គ្នាធ្វើជាកម្មសិទ្ធិ គឺជាស្រុកដ៏សម្បូរសប្បាយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបានញែកអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ។
25. អ្នករាល់គ្នាត្រូវចេះសម្គាល់មើលសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ បក្សាបក្សីបរិសុទ្ធ និងបក្សាបក្សីមិនបរិសុទ្ធ ដើម្បីកុំឲ្យអ្នករាល់គ្នាក្លាយទៅជាមនុស្សអាស្រូវ ព្រោះតែសត្វជើងបួន សត្វស្លាប និងសត្វលូនវារ ដែលយើងចាត់ទុកជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។
26. អ្នករាល់គ្នាត្រូវតែវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ។ យើងបានញែកអ្នករាល់គ្នាចេញពីជាតិសាសន៍នានា ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់យើង។
27. ប្រសិនបើបុរស ឬស្ត្រីម្នាក់ចេះអន្ទងខ្មោច ឬទស្សន៍ទាយជោគរាសី ត្រូវតែទទួលទោសដល់ស្លាប់។ ចូរយកដុំថ្មគប់សម្លាប់ពួកគេ ហើយពួកគេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន»។