1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
2. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: ក្នុងចំណោមជនជាតិអ៊ីស្រាអែល ឬក្នុងចំណោមជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល បើនរណាម្នាក់ប្រគល់កូនចៅរបស់ខ្លួនទៅឲ្យគេបូជាសែនព្រះម៉ូឡុក អ្នកនោះត្រូវទទួលទោសដល់ស្លាប់ គឺប្រជាជននៅក្នុងស្រុកត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះ។
3. រីឯយើង យើងនឹងដាក់ទោសបុរសនោះ យើងនឹងដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះគេបានប្រគល់កូនចៅរបស់ខ្លួនទៅឲ្យព្រះម៉ូឡុក ជាហេតុបណ្ដាលឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង ហើយបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់យើងទៀតផង។
4. ប្រសិនបើប្រជាជននៅក្នុងស្រុកធ្វើមិនដឹងមិនឮអំពីរឿងបុរស ដែលប្រគល់កូនចៅទៅឲ្យព្រះម៉ូឡុក គឺពួកគេមិនព្រមសម្លាប់បុរសនោះទេ
5. យើងនឹងដាក់ទោសបុរសនោះ ព្រមទាំងអំបូររបស់គេផង។ យើងនឹងដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន ហើយយើងក៏ដកអស់អ្នកដែលក្បត់យើងទៅគោរពព្រះម៉ូឡុក ដូចអ្នកនោះដែរ។
6. ប្រសិនបើមាននរណាម្នាក់ក្បត់យើង ដោយបែរទៅរកគ្រូអន្ទងខ្មោច និងគ្រូទាយជោគរាសី យើងនឹងដាក់ទោសអ្នកនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន។
7. អ្នករាល់គ្នាត្រូវញែកខ្លួនឲ្យវិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជាប្រជាជនដ៏វិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
8. ត្រូវកាន់ និងអនុវត្តតាមច្បាប់របស់យើង។ យើងជាព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។