8. អ្នកត្រូវនាំយកតង្វាយជាធញ្ញជាតិដែលចំអិនហើយនោះ មកថ្វាយព្រះអម្ចាស់ គឺលើកជូនបូជាចារ្យ ហើយបូជាចារ្យយកតង្វាយនោះឆ្ពោះទៅអាសនៈ។
9. លោកបូជាចារ្យយកតង្វាយមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំឭក*។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
10. រីឯតង្វាយនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជា ដែលគេថ្វាយចំពោះព្រះអម្ចាស់។
11. មិនត្រូវយកតង្វាយម្សៅដែលមានមេ មកថ្វាយព្រះអម្ចាស់ទេ គឺតង្វាយទាំងប៉ុន្មានដែលអ្នករាល់គ្នាដុតថ្វាយព្រះអម្ចាស់ មិនត្រូវមានមេ ឬទឹកឃ្មុំឡើយ។
12. អ្នកអាចថ្វាយតង្វាយទាំងនេះចំពោះព្រះអម្ចាស់ ជាតង្វាយផលដំបូង។ ប៉ុន្តែ មិនត្រូវយកទៅថ្វាយនៅលើអាសនៈ ទុកជាតង្វាយដុតដែលមានក្លិនឈ្ងុយឡើយ។
13. ត្រូវលាយអំបិលជាមួយតង្វាយធញ្ញជាតិទាំងប៉ុន្មាន ដែលអ្នកយកមកថ្វាយព្រះអម្ចាស់។ កុំភ្លេចលាយអំបិលជាមួយតង្វាយរបស់អ្នកឡើយ ដ្បិតអំបិលជានិមិត្តរូបពីសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយអ្នក។ ហេតុនេះ ត្រូវយកអំបិលមកថ្វាយជាមួយតង្វាយទាំងប៉ុន្មានរបស់អ្នក។
14. ប្រសិនបើអ្នកយកផលដំបូងនៃចម្រូតរបស់អ្នកមកថ្វាយព្រះអម្ចាស់ ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះទុកជាតង្វាយផលដំបូង។
15. ត្រូវចាក់ប្រេងពីលើ ហើយដាក់គ្រឿងក្រអូបផង។ នេះជាតង្វាយធញ្ញជាតិ។
16. បូជាចារ្យយកអំបុកមួយចំណែក ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់ ទៅដុតនៅលើអាសនៈទុកជាទីរំឭក។ នេះជាតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់»។