1. «ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកថ្វាយជាតង្វាយ ចំពោះព្រះអម្ចាស់ គេត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង
2. ហើយយកតង្វាយនោះមកជូនពួកបូជាចារ្យ* ជាកូនលោកអើរ៉ុន។ គេត្រូវយកម្សៅពេញមួយក្ដាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចបូជាចារ្យម្នាក់យកតង្វាយនេះទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំឭក*។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
3. រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះព្រះអម្ចាស់។
4. ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំដុតចំអិនក្នុងឡ ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ ឬធ្វើនំក្រៀបពីម្សៅឥតមានមេ ហើយច្រួចប្រេងពីលើ។
5. ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចំអិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ។
6. ត្រូវកាត់នំនោះជាដុំៗ ហើយច្រួចប្រេងពីលើ។ នេះជាតង្វាយធញ្ញជាតិ។