លេវី‌វិន័យ 19:8-18 Khmer Standard Version (KHSV)

8. នរណា​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី នឹង​មាន​ទោស ដ្បិត​គេ​ប្រមាថ​របស់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​ប្រព្រឹត្ត​ដូច្នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

9. ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។

10. មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង​បាយ‌ជូរ ដែល​នៅ​សេស‌សល់​ក្នុង​ចម្ការ​របស់​អ្នក​ឲ្យ​សោះ ហើយ​ផ្លែ​ដែល​ជ្រុះ​លើ​ដី​ក៏​មិន​ត្រូវ​រើស​ដែរ គឺ​ត្រូវ​ទុក​ឲ្យ​ជន​ទុគ៌ត និង​ជន​បរ‌ទេស​រើស​បរិភោគ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

11. អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច​ទ្រព្យ​របស់​អ្នក​ដទៃ ហើយ​ក៏​មិន​ត្រូវ​បោក​ប្រាស់ និង​បញ្ឆោត​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ដែរ។

12. មិន​ត្រូវ​យក​នាម​យើង​ទៅ​ស្បថ​បំពាន​ឡើយ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​បន្ថោក​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។

13. មិន​ត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ កុំ​ប្លន់​យក​ទ្រព្យ​គេ ហើយ​ក៏​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។

14. មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់ ហើយ​ក៏​កុំ​យក​អ្វី​ទៅ​ដាក់​នៅ​ពី​មុខ​មនុស្ស​ខ្វាក់ បណ្ដាល​ឲ្យ​គេ​ជំពប់​ដួល​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។

15. ពេល​វិនិច្ឆ័យ​ទោស កុំ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ កុំ​រើស​មុខ​នរណា​ឲ្យ​សោះ គឺ​កុំ​យោគ‌យល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ជន​រួម​ជាតិ​របស់​អ្នក ដោយ​យុត្តិធម៌។

16. មិន​ត្រូវ​ដើរ​បរិហារ​កេរ្តិ៍​ប្រជា‌ជន​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស​ប្រហារ​ជីវិត​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់។

17. មិន​ត្រូវ​មាន​ចិត្ត​ស្អប់​បង‌ប្អូន​របស់​អ្នក តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដី​បន្ទោស​ជន​រួម​ជាតិ​របស់​អ្នក ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​រួម​គំនិត​ជា​មួយ​អ្នក​នោះ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។

18. កុំ​សង‌សឹក​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង។ យើង​ជា​ព្រះ‌អម្ចាស់។

លេវី‌វិន័យ 19