26. អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលនៅមានឈាមឡើយ។ មិនត្រូវប្រព្រឹត្តអំពើមន្តអាគម ហើយក៏មិនត្រូវគន់គូរមើលជោគរាសីដែរ។
27. កុំកាត់ជើងសក់របស់អ្នករាល់គ្នាឲ្យមានរាងមូល កុំកោរជាយពុកចង្ការបស់អ្នកឡើយ។
28. មិនត្រូវធ្វើពិធីឆូតសាច់របស់អ្នករាល់គ្នា ដើម្បីកាន់ទុក្ខមនុស្សស្លាប់ ហើយក៏មិនត្រូវសាក់លើរូបកាយរបស់អ្នករាល់គ្នាដែរ។ យើងជាព្រះអម្ចាស់។
29. មិនត្រូវបន្ថោកកូនស្រីរបស់អ្នក ដោយជំរុញនាងឲ្យធ្វើជាស្រីពេស្យាឡើយ ដើម្បីកុំឲ្យស្រុកទេសពោរពេញទៅដោយភាពពេស្យាចារ និងអំពើថោកទាប។
30. ត្រូវគោរពបុណ្យសប្ប័ទ និងទីសក្ការៈរបស់យើង។ យើងជាព្រះអម្ចាស់។
31. មិនត្រូវទៅរកគ្រូអន្ទងខ្មោច ឬគ្រូទាយឡើយ កុំស្វែងរកពួកគេឲ្យសោះ ក្រែងលោអ្នករាល់គ្នាប្រែជាសៅហ្មងរួមជាមួយពួកគេដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
32. ត្រូវចេះអោនលំទោននៅចំពោះមុខចាស់ជរា និងលើកកិត្តិយសចាស់ព្រឹទ្ធាចារ្យ។ ចូរគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។
33. ប្រសិនបើមានជនបរទេសមករស់នៅក្នុងស្រុកជាមួយអ្នករាល់គ្នា កុំជិះជាន់គេឡើយ។
34. ចូរប្រព្រឹត្តចំពោះជនបរទេសដែលស្នាក់នៅជាមួយអ្នករាល់គ្នា ដូចប្រព្រឹត្តចំពោះអ្នកដែលជាម្ចាស់ស្រុកដែរ។ ត្រូវស្រឡាញ់ជនបរទេសនោះឲ្យបានដូចស្រឡាញ់ខ្លួនអ្នក ដ្បិតអ្នករាល់គ្នាក៏ធ្លាប់រស់ជាជនបរទេស នៅស្រុកអេស៊ីបដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។