20. ប្រសិនបើបុរសម្នាក់រួមដំណេកជាមួយស្ត្រីម្នាក់ ហើយនាងនោះជាខ្ញុំបម្រើដែលត្រូវជាគូដណ្ដឹងរបស់បុរសម្នាក់ទៀត តែមិនទាន់មាននរណាលោះនាងឲ្យទៅជាអ្នកជានៅឡើយ អ្នកទាំងពីរនឹងត្រូវទទួលពិន័យ តែមិនទទួលទោសដល់ស្លាប់ទេ ដ្បិតនាងនោះមិនទាន់ទៅជាអ្នកជានៅឡើយ។
21. បុរសដែលបានប្រព្រឹត្តខុស ត្រូវនាំយកចៀមឈ្មោលមួយទៅថ្វាយជាតង្វាយលោះបាប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
22. បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យបុរសនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គឺបូជាចារ្យត្រូវថ្វាយចៀមឈ្មោលជាយញ្ញបូជាលោះបាប នោះព្រះអម្ចាស់នឹងលើកលែងទោសឲ្យគេរួចពីបាប។
23. ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុក ហើយដាំដើមឈើហូបផ្លែគ្រប់មុខ ត្រូវចាត់ទុកផ្លែឈើទាំងនោះជាផ្លែមិនបរិសុទ្ធ ក្នុងអំឡុងពេលបីឆ្នាំ គឺកុំបរិភោគឡើយ។
24. នៅឆ្នាំទីបួន ត្រូវញែកផ្លែឈើទាំងអស់ជាសក្ការៈថ្វាយព្រះអម្ចាស់ ដើម្បីសរសើរតម្កើងព្រះអង្គ។
25. នៅឆ្នាំទីប្រាំ អ្នករាល់គ្នាអាចបរិភោគផ្លែឈើទាំងនេះ។ ធ្វើដូច្នេះ ភោគផលរបស់អ្នករាល់គ្នានឹងកើនចំនួនច្រើនឡើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
26. អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលនៅមានឈាមឡើយ។ មិនត្រូវប្រព្រឹត្តអំពើមន្តអាគម ហើយក៏មិនត្រូវគន់គូរមើលជោគរាសីដែរ។
27. កុំកាត់ជើងសក់របស់អ្នករាល់គ្នាឲ្យមានរាងមូល កុំកោរជាយពុកចង្ការបស់អ្នកឡើយ។
28. មិនត្រូវធ្វើពិធីឆូតសាច់របស់អ្នករាល់គ្នា ដើម្បីកាន់ទុក្ខមនុស្សស្លាប់ ហើយក៏មិនត្រូវសាក់លើរូបកាយរបស់អ្នករាល់គ្នាដែរ។ យើងជាព្រះអម្ចាស់។
29. មិនត្រូវបន្ថោកកូនស្រីរបស់អ្នក ដោយជំរុញនាងឲ្យធ្វើជាស្រីពេស្យាឡើយ ដើម្បីកុំឲ្យស្រុកទេសពោរពេញទៅដោយភាពពេស្យាចារ និងអំពើថោកទាប។
30. ត្រូវគោរពបុណ្យសប្ប័ទ និងទីសក្ការៈរបស់យើង។ យើងជាព្រះអម្ចាស់។
31. មិនត្រូវទៅរកគ្រូអន្ទងខ្មោច ឬគ្រូទាយឡើយ កុំស្វែងរកពួកគេឲ្យសោះ ក្រែងលោអ្នករាល់គ្នាប្រែជាសៅហ្មងរួមជាមួយពួកគេដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
32. ត្រូវចេះអោនលំទោននៅចំពោះមុខចាស់ជរា និងលើកកិត្តិយសចាស់ព្រឹទ្ធាចារ្យ។ ចូរគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។
33. ប្រសិនបើមានជនបរទេសមករស់នៅក្នុងស្រុកជាមួយអ្នករាល់គ្នា កុំជិះជាន់គេឡើយ។
34. ចូរប្រព្រឹត្តចំពោះជនបរទេសដែលស្នាក់នៅជាមួយអ្នករាល់គ្នា ដូចប្រព្រឹត្តចំពោះអ្នកដែលជាម្ចាស់ស្រុកដែរ។ ត្រូវស្រឡាញ់ជនបរទេសនោះឲ្យបានដូចស្រឡាញ់ខ្លួនអ្នក ដ្បិតអ្នករាល់គ្នាក៏ធ្លាប់រស់ជាជនបរទេស នៅស្រុកអេស៊ីបដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
35. ទោះបីក្នុងការកាត់ក្ដី ឬក្នុងការវាស់ ការថ្លឹង និងការវាល់ក្ដី មិនត្រូវប្រព្រឹត្តទុច្ចរិតឡើយ។
36. ចូរប្រើជញ្ជីងត្រឹមត្រូវ កូនជញ្ជីងត្រឹមត្រូវ រង្វាស់រង្វាល់ត្រឹមត្រូវ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។