1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ។
3. ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពមាតាបិតារបស់ខ្លួន ត្រូវគោរពថ្ងៃសប្ប័ទ*របស់យើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
4. អ្នករាល់គ្នាមិនត្រូវបែរទៅគោរពព្រះក្លែងក្លាយ ហើយក៏មិនត្រូវសិតរូបព្រះសម្រាប់អ្នករាល់គ្នាដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
5. ពេលណាអ្នករាល់គ្នាធ្វើយញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់ ត្រូវថ្វាយតាមរបៀបគាប់ព្រះហឫទ័យព្រះអង្គ។
6. ត្រូវបរិភោគសាច់របស់សត្វ ដែលអ្នករាល់គ្នាធ្វើយញ្ញបូជា នៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ រីឯសាច់ដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវយកទៅដុត។
7. ប្រសិនបើបរិភោគសាច់នេះនៅថ្ងៃទីបី មិនល្អទេ ហើយក៏មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដែរ។