1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ។
3. ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពមាតាបិតារបស់ខ្លួន ត្រូវគោរពថ្ងៃសប្ប័ទ*របស់យើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
4. អ្នករាល់គ្នាមិនត្រូវបែរទៅគោរពព្រះក្លែងក្លាយ ហើយក៏មិនត្រូវសិតរូបព្រះសម្រាប់អ្នករាល់គ្នាដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
5. ពេលណាអ្នករាល់គ្នាធ្វើយញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់ ត្រូវថ្វាយតាមរបៀបគាប់ព្រះហឫទ័យព្រះអង្គ។
6. ត្រូវបរិភោគសាច់របស់សត្វ ដែលអ្នករាល់គ្នាធ្វើយញ្ញបូជា នៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ រីឯសាច់ដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវយកទៅដុត។
7. ប្រសិនបើបរិភោគសាច់នេះនៅថ្ងៃទីបី មិនល្អទេ ហើយក៏មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដែរ។
8. នរណាបរិភោគសាច់នេះនៅថ្ងៃទីបី នឹងមានទោស ដ្បិតគេប្រមាថរបស់ដែលគេបានញែកជាសក្ការៈថ្វាយព្រះអម្ចាស់។ អ្នកប្រព្រឹត្តដូច្នេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។
9. ពេលណាអ្នករាល់គ្នាច្រូតស្រូវ នៅក្នុងស្រុករបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសកួរស្រូវដែលជ្រុះដែរ។
10. មិនត្រូវបេះផ្លែទំពាំងបាយជូរ ដែលនៅសេសសល់ក្នុងចម្ការរបស់អ្នកឲ្យសោះ ហើយផ្លែដែលជ្រុះលើដីក៏មិនត្រូវរើសដែរ គឺត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
11. អ្នករាល់គ្នាមិនត្រូវលួចទ្រព្យរបស់អ្នកដទៃ ហើយក៏មិនត្រូវបោកប្រាស់ និងបញ្ឆោតយកទ្រព្យជនរួមជាតិរបស់អ្នករាល់គ្នាដែរ។
12. មិនត្រូវយកនាមយើងទៅស្បថបំពានឡើយ ធ្វើដូច្នេះ អ្នករាល់គ្នាបន្ថោកព្រះនាមនៃព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។
13. មិនត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មករ រហូតដល់ថ្ងៃស្អែកដែរ។
14. មិនត្រូវជេរប្រមាថមនុស្សថ្លង់ ហើយក៏កុំយកអ្វីទៅដាក់នៅពីមុខមនុស្សខ្វាក់ បណ្ដាលឲ្យគេជំពប់ដួលឡើយ។ ផ្ទុយទៅវិញ ចូរគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។
15. ពេលវិនិច្ឆ័យទោស កុំកាត់ក្ដីដោយអយុត្តិធម៌ កុំរើសមុខនរណាឲ្យសោះ គឺកុំយោគយល់អ្នកតូច ឬអ្នកធំ តែត្រូវវិនិច្ឆ័យឲ្យជនរួមជាតិរបស់អ្នក ដោយយុត្តិធម៌។
16. មិនត្រូវដើរបរិហារកេរ្តិ៍ប្រជាជនរបស់អ្នកឡើយ ហើយក៏កុំចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោសប្រហារជីវិតដែរ។ យើងជាព្រះអម្ចាស់។