1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ។
3. ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពមាតាបិតារបស់ខ្លួន ត្រូវគោរពថ្ងៃសប្ប័ទ*របស់យើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
4. អ្នករាល់គ្នាមិនត្រូវបែរទៅគោរពព្រះក្លែងក្លាយ ហើយក៏មិនត្រូវសិតរូបព្រះសម្រាប់អ្នករាល់គ្នាដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
5. ពេលណាអ្នករាល់គ្នាធ្វើយញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់ ត្រូវថ្វាយតាមរបៀបគាប់ព្រះហឫទ័យព្រះអង្គ។
6. ត្រូវបរិភោគសាច់របស់សត្វ ដែលអ្នករាល់គ្នាធ្វើយញ្ញបូជា នៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ រីឯសាច់ដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវយកទៅដុត។
7. ប្រសិនបើបរិភោគសាច់នេះនៅថ្ងៃទីបី មិនល្អទេ ហើយក៏មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដែរ។
8. នរណាបរិភោគសាច់នេះនៅថ្ងៃទីបី នឹងមានទោស ដ្បិតគេប្រមាថរបស់ដែលគេបានញែកជាសក្ការៈថ្វាយព្រះអម្ចាស់។ អ្នកប្រព្រឹត្តដូច្នេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។
9. ពេលណាអ្នករាល់គ្នាច្រូតស្រូវ នៅក្នុងស្រុករបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសកួរស្រូវដែលជ្រុះដែរ។
10. មិនត្រូវបេះផ្លែទំពាំងបាយជូរ ដែលនៅសេសសល់ក្នុងចម្ការរបស់អ្នកឲ្យសោះ ហើយផ្លែដែលជ្រុះលើដីក៏មិនត្រូវរើសដែរ គឺត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
11. អ្នករាល់គ្នាមិនត្រូវលួចទ្រព្យរបស់អ្នកដទៃ ហើយក៏មិនត្រូវបោកប្រាស់ និងបញ្ឆោតយកទ្រព្យជនរួមជាតិរបស់អ្នករាល់គ្នាដែរ។
12. មិនត្រូវយកនាមយើងទៅស្បថបំពានឡើយ ធ្វើដូច្នេះ អ្នករាល់គ្នាបន្ថោកព្រះនាមនៃព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។
13. មិនត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មករ រហូតដល់ថ្ងៃស្អែកដែរ។