21. មិនត្រូវយកកូនចៅរបស់អ្នកទៅឲ្យគេធ្វើយញ្ញបូជាចំពោះព្រះម៉ូឡុកឡើយ កុំបង្អាប់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ។ យើងជាព្រះអម្ចាស់។
22. មិនត្រូវរួមរ័កជាមួយប្រុសៗដូចគ្នា ដូចគេរួមរ័កជាមួយស្ត្រីឡើយ ដ្បិតនេះជាអំពើគួរឲ្យស្អប់ខ្ពើមបំផុត។
23. មិនត្រូវរួមរ័កជាមួយសត្វធាតុ ដែលជាហេតុនាំឲ្យខ្លួនត្រូវសៅហ្មងឡើយ។ រីឯស្ត្រីក៏មិនត្រូវរួមរ័កជាមួយសត្វដែរ ព្រោះជាអំពើមួយដ៏ថោកទាបបំផុត។
24. អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាសៅហ្មងដោយសារអំពើណាមួយ ក្នុងបណ្ដាអំពើទាំងនេះឲ្យសោះ ដ្បិតយើងបានដេញប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា ព្រោះតែពួកគេបានប្រព្រឹត្តអំពើទាំងនេះដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង។
25. ស្រុកទេសបានក្លាយទៅជាសៅហ្មង ហេតុនេះហើយបានជាយើងដាក់ទោសអ្នកស្រុក ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។
26. ត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យរបស់យើង គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុកទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា មិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយក្នុងចំណោមអំពើទាំងនោះឡើយ។
27. ជាតិសាសន៍ដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ ជាហេតុបណ្ដាលឲ្យស្រុកទៅជាសៅហ្មង។
28. ប្រសិនបើអ្នករាល់គ្នាមិនធ្វើឲ្យស្រុកទៅជាសៅហ្មងទេ អ្នករាល់គ្នានឹងមិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដី ដូចប្រជាជាតិដែលរស់នៅទីនេះមុនអ្នករាល់គ្នាឡើយ។
29. អស់អ្នកដែលប្រព្រឹត្តអំពើណាមួយ ក្នុងចំណោមអំពើគួរស្អប់ខ្ពើមទាំងនេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។
30. អ្នករាល់គ្នាត្រូវប្រតិបត្តិតាមបញ្ជារបស់យើង ដោយឥតប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយ ដូចអស់អ្នកដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នា ធ្លាប់ប្រព្រឹត្តឡើយ។ កុំបណ្ដោយខ្លួនឲ្យសៅហ្មង ដោយប្រព្រឹត្តអំពើទាំងនេះឲ្យសោះ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។