លេវី‌វិន័យ 18:17-25 Khmer Standard Version (KHSV)

17. មិន​ត្រូវ​រួមរ័ក​ជា​មួយ​ម្ដាយ​ផង និង​កូន​ស្រី​ផង​ឡើយ ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​គាត់ ព្រោះ​ជា​សាច់​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។

18. ក្នុង​ពេល​ប្រពន្ធ​អ្នក​នៅ​រស់ មិន​ត្រូវ​យក​បង​ថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​អ្នក មក​ធ្វើ​ជា​ប្រពន្ធ​ចុង ជា​ហេតុ​បង្ក​ឲ្យ​មាន​ជម្លោះ​ទាស់‌ទែង​គ្នា​រវាង​នាង និង​ប្រពន្ធ​របស់​អ្នក​ឡើយ។

19. មិន​ត្រូវ​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ​ឡើយ ដ្បិត​នាង​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។

20. កុំ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​អ្នក​ដទៃ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​ទៅ​ជា​សៅ‌ហ្មង​ជា​មួយ​នាង​ឡើយ។

21. មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ទៅ​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា​ចំពោះ​ព្រះ​ម៉ូឡុក​ឡើយ កុំ​បង្អាប់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​ឲ្យ​សោះ។ យើង​ជា​ព្រះ‌អម្ចាស់។

22. មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រុសៗ​ដូច​គ្នា ដូច​គេ​រួមរ័ក​ជា​មួយ​ស្ត្រី​ឡើយ ដ្បិត​នេះ​ជា​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។

23. មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ធាតុ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ។ រីឯ​ស្ត្រី​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ដែរ ព្រោះ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត។

24. អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង​ដោយ‌សារ​អំពើ​ណា​មួយ ក្នុង​បណ្ដា​អំពើ​ទាំង​នេះ​ឲ្យ​សោះ ដ្បិត​យើង​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង។

25. ស្រុក​ទេស​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក​ស្រុក ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។

លេវី‌វិន័យ 18