12. មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ឪពុកអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ឪពុកអ្នក។
13. មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់ម្ដាយអ្នកឡើយ ព្រោះគាត់ជាសាច់ឈាមបង្កើតរបស់ម្ដាយអ្នក។
14. មិនត្រូវបន្ថោកបងប្រុស ឬប្អូនប្រុសរបស់ឪពុកអ្នក ដោយរួមរ័កជាមួយប្រពន្ធរបស់គាត់ឡើយ ព្រោះនាងត្រូវជាម្ដាយមីងរបស់អ្នក។
15. មិនត្រូវរួមរ័កជាមួយកូនប្រសាស្រីរបស់អ្នកឡើយ ព្រោះនាងជាប្រពន្ធរបស់កូនប្រុសអ្នក ដូច្នេះ កុំរួមរ័កជាមួយនាងឲ្យសោះ។
16. មិនត្រូវរួមរ័កជាមួយប្រពន្ធរបស់បង ឬប្អូនអ្នកឡើយ។
17. មិនត្រូវរួមរ័កជាមួយម្ដាយផង និងកូនស្រីផងឡើយ ហើយក៏មិនត្រូវរួមរ័កជាមួយចៅស្រីជាកូនរបស់កូនប្រុស ឬកូនស្រីគាត់ ព្រោះជាសាច់ឈាមរបស់គាត់។ ធ្វើដូច្នេះ ជាអំពើដ៏ថោកទាបបំផុត។
18. ក្នុងពេលប្រពន្ធអ្នកនៅរស់ មិនត្រូវយកបងថ្លៃ ឬប្អូនថ្លៃរបស់អ្នក មកធ្វើជាប្រពន្ធចុង ជាហេតុបង្កឲ្យមានជម្លោះទាស់ទែងគ្នារវាងនាង និងប្រពន្ធរបស់អ្នកឡើយ។
19. មិនត្រូវរួមរ័កជាមួយស្ត្រីដែលមានរដូវឡើយ ដ្បិតនាងស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។
20. កុំរួមរ័កជាមួយប្រពន្ធរបស់អ្នកដទៃ ជាហេតុបណ្ដាលឲ្យអ្នកទៅជាសៅហ្មងជាមួយនាងឡើយ។
21. មិនត្រូវយកកូនចៅរបស់អ្នកទៅឲ្យគេធ្វើយញ្ញបូជាចំពោះព្រះម៉ូឡុកឡើយ កុំបង្អាប់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ។ យើងជាព្រះអម្ចាស់។
22. មិនត្រូវរួមរ័កជាមួយប្រុសៗដូចគ្នា ដូចគេរួមរ័កជាមួយស្ត្រីឡើយ ដ្បិតនេះជាអំពើគួរឲ្យស្អប់ខ្ពើមបំផុត។
23. មិនត្រូវរួមរ័កជាមួយសត្វធាតុ ដែលជាហេតុនាំឲ្យខ្លួនត្រូវសៅហ្មងឡើយ។ រីឯស្ត្រីក៏មិនត្រូវរួមរ័កជាមួយសត្វដែរ ព្រោះជាអំពើមួយដ៏ថោកទាបបំផុត។
24. អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាសៅហ្មងដោយសារអំពើណាមួយ ក្នុងបណ្ដាអំពើទាំងនេះឲ្យសោះ ដ្បិតយើងបានដេញប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា ព្រោះតែពួកគេបានប្រព្រឹត្តអំពើទាំងនេះដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង។
25. ស្រុកទេសបានក្លាយទៅជាសៅហ្មង ហេតុនេះហើយបានជាយើងដាក់ទោសអ្នកស្រុក ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។
26. ត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យរបស់យើង គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុកទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា មិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយក្នុងចំណោមអំពើទាំងនោះឡើយ។
27. ជាតិសាសន៍ដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ ជាហេតុបណ្ដាលឲ្យស្រុកទៅជាសៅហ្មង។