1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
3. អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដូចជនជាតិអេស៊ីបធ្លាប់ប្រព្រឹត្ត នៅក្នុងស្រុកដែលអ្នករាល់គ្នាធ្លាប់រស់នៅ ហើយក៏មិនត្រូវប្រព្រឹត្តដូចជនជាតិកាណាននៅក្នុងស្រុក ដែលយើងនាំអ្នករាល់គ្នាចូលទៅរស់នៅដែរ។ កុំកាន់តាមច្បាប់របស់ពួកគេ។
4. អ្នករាល់គ្នាត្រូវប្រព្រឹត្តតាមវិន័យ ហើយកាន់តាមច្បាប់របស់យើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
5. អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង។ អ្នកប្រតិបត្តិតាមនឹងមានជីវិត ដោយសារច្បាប់ និងវិន័យទាំងនោះ។ យើងជាព្រះអម្ចាស់។
6. ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់រួមរ័កជាមួយសាច់ញាតិរបស់ខ្លួនឡើយ។ យើងជាព្រះអម្ចាស់។
7. មិនត្រូវបន្ថោកឪពុករបស់ខ្លួន ដោយរួមរ័កជាមួយម្ដាយរបស់អ្នកឡើយ។ គាត់ជាម្ដាយរបស់អ្នក ដូច្នេះ កុំបន្ថោកម្ដាយរបស់អ្នកឲ្យសោះ។
8. មិនត្រូវរួមរ័កជាមួយប្រពន្ធចុងរបស់ឪពុកអ្នកឡើយ ធ្វើដូច្នេះ ដូចជាបន្ថោកឪពុករបស់អ្នកដែរ។
9. មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់អ្នកឡើយ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនរួមផ្ទៃជាមួយអ្នកក្ដី ទោះបីជាកូនមានខាន់ស្លា ឬឥតខាន់ស្លាក្ដី។
10. មិនត្រូវរួមរ័កជាមួយចៅស្រីរបស់អ្នកឡើយ ទោះបីនាងនោះជាកូនរបស់កូនប្រុស ឬកូនស្រីរបស់អ្នកក្ដី ព្រោះធ្វើដូច្នេះ អ្នកបន្ថោកខ្លួន។
11. មិនត្រូវរួមរ័កជាមួយកូនស្រីរបស់ប្រពន្ធចុងឪពុកអ្នកឡើយ នាងក៏ជាកូនរបស់ឪពុកអ្នកដែរ ដូច្នេះ នាងជាប្អូនស្រីរបស់អ្នក។