6. បូជាចារ្យត្រូវប្រោះឈាមសត្វលើអាសនៈរបស់ព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ បូជាចារ្យត្រូវដុតខ្លាញ់សត្វនោះ ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
7. ធ្វើដូច្នេះ ពួកគេនឹងលែងក្បត់យើង ដោយថ្វាយយញ្ញបូជាទៅព្រះក្លែងក្លាយ ដែលមានរូបរាងដូចពពែឈ្មោលទៀតហើយ។ នេះជាច្បាប់ដែលពួកគេ និងពូជពង្សរបស់ពួកគេ ត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។
8. ចូរប្រាប់ពួកគេថា ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់ថ្វាយតង្វាយដុតទាំងមូល ឬយញ្ញបូជាអ្វីមួយ
9. តែមិននាំសត្វនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ទេ ត្រូវដកបុរសនោះចេញពីចំណោមប្រជាជនរបស់ខ្លួន»។
10. «ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់បរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន
11. ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។
12. ហេតុនេះ យើងហាមជនជាតិអ៊ីស្រាអែលថា: ក្នុងចំណោមអ្នករាល់គ្នា និងជនបរទេសដែលនៅជាមួយអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់បរិភោគឈាមជាដាច់ខាត។
13. ក្នុងចំណោមជនជាតិអ៊ីស្រាអែល និងជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសម្រក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។