4. គាត់ត្រូវពាក់អាវវែងសក្ការៈធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឆ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសម្លៀកបំពាក់ទាំងនេះសក្ការៈ មុននឹងស្លៀកពាក់ គាត់ត្រូវយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។
5. គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រាអែល សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
6. អើរ៉ុនត្រូវថ្វាយគោឈ្មោលរបស់គាត់ជាយញ្ញបូជារំដោះបាប សម្រាប់ខ្លួនគាត់ និងក្រុមគ្រួសាររបស់គាត់។
7. គាត់នាំពពែឈ្មោលទាំងពីរទៅដាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
8. អើរ៉ុនត្រូវចាប់ឆ្នោតជ្រើសរើសពពែឈ្មោលទាំងពីរ គឺមួយថ្វាយព្រះអម្ចាស់ មួយទៀតឲ្យអាសាអែល។
9. ពេលចាប់ឆ្នោតរួចហើយ អើរ៉ុនយកពពែឈ្មោលដែលត្រូវថ្វាយព្រះអម្ចាស់ ទៅធ្វើជាយញ្ញបូជារំដោះបាប។