27. រីឯគោបា និងពពែឈ្មោល ដែលគេសម្លាប់ ដើម្បីរំដោះបាប ហើយយកឈាមរបស់វាចូលទៅក្នុងទីសក្ការៈសម្រាប់លោះបាបនោះ គេត្រូវយកវាចេញទៅខាងក្រៅជំរំ ហើយដុតវា ទាំងស្បែក ទាំងសាច់ និងគ្រឿងក្នុង។
28. អ្នកដុតវាត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញបាន។
29. នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។ នៅថ្ងៃទីដប់ ខែទីប្រាំពីរ អ្នករាល់គ្នាត្រូវតមអាហារ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា
30. ដ្បិតថ្ងៃនោះ គេធ្វើពិធីលោះបាបអ្នករាល់គ្នា ដើម្បីជម្រះអ្នករាល់គ្នាឲ្យបរិសុទ្ធ។ ពេលនោះ អ្នករាល់គ្នានឹងបានបរិសុទ្ធនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចផុតពីបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា។
31. ថ្ងៃនោះជាថ្ងៃសប្ប័ទ* គឺជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ហើយតមអាហារ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។
32. មានតែបូជាចារ្យ*ដែលបានទទួលការចាក់ប្រេងតែងតាំង ឲ្យបំពេញមុខងារជាបូជាចារ្យស្នងឪពុករបស់ខ្លួនប៉ុណ្ណោះ ទើបមានសិទ្ធិធ្វើពិធីលោះបាប។ បូជាចារ្យនោះត្រូវស្លៀកសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃ ដែលជាសម្លៀកបំពាក់សក្ការៈ។
33. គាត់ត្រូវធ្វើពិធីជម្រះទីសក្ការៈដ៏វិសុទ្ធ ជម្រះពន្លាជួបព្រះអម្ចាស់ និងជម្រះអាសនៈ ឲ្យបរិសុទ្ធ ព្រមទាំងរំដោះបាបបូជាចារ្យ និងប្រជាជនទាំងអស់ក្នុងសហគមន៍។
34. នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ ដើម្បីឲ្យរៀងរាល់ឆ្នាំ ជនជាតិអ៊ីស្រាអែលបានរួចផុតពីអំពើបាបទាំងប៉ុន្មាន»។គេក៏ធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។