15. គាត់ត្រូវចាក់កពពែឈ្មោល សម្រាប់រំដោះបាបរបស់ប្រជាជន ហើយយកឈាមចូលទៅខាងក្រោយវាំងនន។ គាត់ត្រូវប្រោះឈាមពពែឈ្មោលនេះ ទៅលើគម្របហិប និងផ្នែកខាងមុខគម្របហិប ដូចគាត់បានប្រោះឈាមគោបាដែរ។
16. គាត់ធ្វើដូច្នេះ ដើម្បីជម្រះទីសក្ការៈឲ្យបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រាអែល ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងប៉ុន្មានរបស់ពួកគេ។ គាត់ក៏ត្រូវធ្វើពិធីប្រោះឈាមបែបនេះលើពន្លាជួបព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលចំណោមពួកគេ ជាមនុស្សមិនបរិសុទ្ធ។
17. ពេលគាត់ចូលទៅធ្វើពិធីជម្រះបាបនៅក្នុងទីសក្ការៈ រហូតដល់ពេលគាត់ចេញមកវិញ មិនត្រូវឲ្យនរណាម្នាក់ស្ថិតនៅក្នុងពន្លាជួបព្រះអម្ចាស់ឡើយ។ គាត់ត្រូវធ្វើពិធីរំដោះបាបឲ្យខ្លួនគាត់ផ្ទាល់ ឲ្យក្រុមគ្រួសាររបស់គាត់ និងឲ្យសហគមន៍អ៊ីស្រាអែលទាំងមូល។
18. គាត់ត្រូវចេញមកខាងមុខអាសនៈ ដែលស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយធ្វើពិធីជម្រះអាសនៈ គឺគាត់ត្រូវយកឈាមគោបា និងឈាមពពែឈ្មោល ទៅលាបជុំវិញស្នែងទាំងបួនរបស់អាសនៈ។
19. គាត់ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះឈាមទៅលើអាសនៈចំនួនប្រាំពីរដង។ គាត់ជម្រះអាសនៈឲ្យបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ជនជាតិអ៊ីស្រាអែល រួចញែកអាសនៈឲ្យបានវិសុទ្ធ។
20. ពេលគាត់ធ្វើពិធីជម្រះទីសក្ការៈ ជម្រះពន្លាជួបព្រះអម្ចាស់ និងជម្រះអាសនៈរួចរាល់ហើយ គាត់ត្រូវយកពពែឈ្មោលមួយទៀតដែលនៅរស់ ចូលមក។
21. អើរ៉ុនត្រូវដាក់ដៃទាំងពីរលើក្បាលរបស់ពពែដែលនៅរស់ដោយលន់តួកំហុស ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល រួចបញ្ចេរទៅលើក្បាលពពែនោះ។ បន្ទាប់មក គាត់ត្រូវឲ្យបុរសម្នាក់ដែលគាត់បានជ្រើសរើសជាមុន ដេញពពែនោះទៅវាលរហោស្ថាន។
22. ពពែនោះនាំយកអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល ឆ្ពោះទៅទីស្មសាន។ កាលដេញពពែនោះទៅវាលរហោស្ថានផុតហើយ
23. អើរ៉ុនត្រូវចូលទៅក្នុងពន្លាជួបព្រះអម្ចាស់វិញ រួចដោះសម្លៀកបំពាក់ធ្វើពីអំបោះធ្មៃ ដែលគាត់ពាក់សម្រាប់បំពេញមុខងារក្នុងទីសក្ការៈនោះទុកនៅក្នុងទីសក្ការៈ។