1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្រោយគ្រាកូនប្រុសទាំងពីររបស់លោកអើរ៉ុនស្លាប់ នៅពេលចូលទៅគាល់ព្រះអម្ចាស់។
2. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនជាបងរបស់អ្នក កុំឲ្យចូលទៅក្នុងទីសក្ការៈគ្រប់ពេលវេលាឡើយ ពោលគឺចូលទៅខាងក្រោយវាំងនន ដែលនៅពីមុខគម្របហិប*នៃសម្ពន្ធមេត្រី* បើមិនដូច្នោះទេ ក្រែងលោគាត់ត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើគម្របហិប។
3. ពេលអើរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
4. គាត់ត្រូវពាក់អាវវែងសក្ការៈធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឆ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសម្លៀកបំពាក់ទាំងនេះសក្ការៈ មុននឹងស្លៀកពាក់ គាត់ត្រូវយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។
5. គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រាអែល សម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។