លេវី‌វិន័យ 15:3-13 Khmer Standard Version (KHSV)

3. ខ្ទុះ​ដែល​ហូរ​ចេញ​មក ឬ​ក៏​ស្ទះ​ក្ដី សុទ្ធ​តែ​មិន​បរិសុទ្ធ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ដែរ។

4. ដូច្នេះ គ្រែ​បុរស​នោះ​ដេក ឬ​កន្លែង​បុរស​នោះ​អង្គុយ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។

5. អ្នក​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

6. អ្នក​អង្គុយ​លើ​កៅ‌អី​ដែល​អ្នក​ជំងឺ​បាន​អង្គុយ​ត្រូវ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

7. អ្នក​ដែល​ប៉ះ​អ្នក​ជំងឺ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

8. ប្រសិន​បើ​អ្នក​ជំងឺ​ស្ដោះ​ទឹក​មាត់​ទៅ​លើ​មនុស្ស​បរិសុទ្ធ អ្នក​បរិសុទ្ធ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

9. រីឯ​កែប​សេះ ឬ​កែប​លា​ដែល​អ្នក​ជំងឺ​ជិះ ក៏​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។

10. អ្នក​ណា​ប៉ះ‌ពាល់​វត្ថុ​ដែល​គេ​ដាក់​នៅ​ក្រោម​អ្នក​ជំងឺ អ្នក​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ អ្នក​កាន់​វត្ថុ​នេះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

11. បើ​អ្នក​ជំងឺ​ពុំ​បាន​លាង​ដៃ ហើយ​ទៅ​ពាល់​នរណា​ម្នាក់ អ្នក​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

12. ផើង​ធ្វើ​អំពី​ដី​ដែល​អ្នក​ជំងឺ​ប៉ះ‌ពាល់ ត្រូវ​តែ​បំបែក​ចោល​ទាំង​អស់ តែ​បើ​ជា​ផើង​ធ្វើ​ពី​ឈើ​វិញ នោះ​ត្រូវ​តែ​យក​ទឹក​មក​លាង​សម្អាត។

13. កាល​ណា​ខ្ទុះ​របស់​អ្នក​កើត​ជំងឺ​កាម​រោគ​នោះ​ឈប់​ហូរ គាត់​ត្រូវ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ ទើប​គាត់​អាច​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​ដង​ទឹក​ជ្រោះ​យក​មក​លាង​សម្អាត​ខ្លួន​ប្រាណ រួច​ហើយ​ទើប​គាត់​បរិសុទ្ធ។

លេវី‌វិន័យ 15