15. បូជាចារ្យយកសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងសត្វមួយទៀតថ្វាយជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជម្រះបាបឲ្យបុរសដែលមានកាមរោគនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
16. ប្រសិនបើបុរសម្នាក់ហូរទឹកកាម គេត្រូវលាងសម្អាតខ្លួនប្រាណទាំងមូល ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
17. សម្លៀកបំពាក់ ឬកំរាលដែលប្រឡាក់ទឹកកាមនោះ ត្រូវតែបោកសម្អាត ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
18. កាលណាបុរសម្នាក់ និងស្ត្រីម្នាក់រួមរ័កជាមួយគ្នា នោះគេទាំងពីរនាក់ត្រូវលាងសម្អាតខ្លួនប្រាណ ហើយនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច»។
19. «កាលណាស្ត្រីម្នាក់ធ្លាក់ឈាម ដោយមានរដូវ នាងត្រូវនៅក្នុងភាពមិនបរិសុទ្ធ អស់រយៈពេលប្រាំពីរថ្ងៃ។ អ្នកដែលប៉ះនាងនឹងទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។
20. ពេលមានរដូវនោះគ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយ ក៏ទៅជាមិនបរិសុទ្ធដែរ។
21. អ្នកដែលប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
22. អ្នកប៉ះនឹងកៅអីដែលនាងបានអង្គុយត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
23. ប្រសិនបើមាននរណាម្នាក់ប៉ះនឹងវត្ថុអ្វីមួយនៅលើគ្រែ ឬកៅអីដែលនាងអង្គុយ អ្នកនោះត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។