7. បន្ទាប់មក លោកត្រូវប្រោះចំនួនប្រាំពីរដងទៅលើមនុស្សទទួលពិធីជម្រះកាយ។ បូជាចារ្យប្រកាសថា មនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។
8. អ្នកទទួលពិធីជម្រះកាយនោះត្រូវបោកសម្លៀកបំពាក់ ហើយកោររោមទាំងអស់ រួចងូតទឹកជម្រះកាយ ទើបគាត់បានបរិសុទ្ធ។ បន្ទាប់មក គាត់ចូលទៅក្នុងជំរំវិញ តែត្រូវស្នាក់នៅក្រៅទីលំនៅរបស់ខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។
9. នៅថ្ងៃទីប្រាំពីរ គាត់ត្រូវកោរសក់ ពុកចង្កា រោមចិញ្ចើម និងរោមទាំងអស់របស់ខ្លួនសាជាថ្មីម្ដងទៀត។ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹក ទើបគាត់បានបរិសុទ្ធ។
10. នៅថ្ងៃទីប្រាំបី គាត់ត្រូវយកកូនចៀមពីរល្អឥតខ្ចោះ និងចៀមញីអាយុមួយខួបល្អឥតខ្ចោះ ព្រមទាំងម្សៅម៉ដ្ដបីរង្វាល់លាយជាមួយប្រេង និងយកប្រេងកន្លះលីត្រទៀតមក។
11. បូជាចារ្យដែលធ្វើពិធីជម្រះកាយនាំសាមីខ្លួន និងតង្វាយរបស់គាត់ ចូលទៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
12. បូជាចារ្យយកកូនចៀមមួយ និងប្រេងកន្លះលីត្រ មកថ្វាយជាយញ្ញបូជាលោះបាប រួចលើកថ្វាយព្រះអម្ចាស់។
13. បូជាចារ្យចាក់កកូនចៀមត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយយញ្ញបូជារំដោះបាប ឬតង្វាយដុតទាំងមូល នៅក្នុងទីសក្ការៈ ដ្បិតយញ្ញបូជាលោះបាបក៏ដូចជាយញ្ញបូជារំដោះបាបដែរ សាច់របស់វាត្រូវបានជាចំណែករបស់បូជាចារ្យ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។
14. បូជាចារ្យយកឈាមសត្វដែលថ្វាយជាយញ្ញបូជាលោះបាប លាបលើស្លឹកត្រចៀកស្ដាំ លើមេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយនោះ។