44. បូជាចារ្យត្រូវពិនិត្យម្ដងទៀត។ បើលោកឃើញស្នាមរាលដាលនៅក្នុងផ្ទះ បានសេចក្ដីថាជាស្លែដែលមិនអាចបំបាត់បាន ហើយផ្ទះនោះមិនបរិសុទ្ធ។
45. គេត្រូវកម្ទេចផ្ទះនោះ ទាំងដុំថ្ម ទាំងឈើ ទាំងបាយអ រួចយកទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។
46. អ្នកណាចូលផ្ទះនេះក្នុងអំឡុងពេលដែលគេបិទទ្វារ អ្នកនោះនឹងក្លាយទៅជាមនុស្សមិនបរិសុទ្ធ រហូតដល់ល្ងាច។
47. អ្នកដេកនៅក្នុងផ្ទះនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយអ្នកបរិភោគអាហារនៅក្នុងផ្ទះនោះ ក៏ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនដែរ។
48. ផ្ទុយទៅវិញ ក្រោយពីគេបូកបាយអឡើងវិញហើយ ប្រសិនបើបូជាចារ្យចូលទៅពិនិត្យមើលឃើញថា ស្នាមមិនចេញមកទៀតទេ លោកត្រូវប្រកាសថាផ្ទះនោះបរិសុទ្ធ ព្រោះលែងដុះស្លែទៀតហើយ។
49. បូជាចារ្យត្រូវយកសត្វស្លាបពីរក្បាល ឈើតាត្រៅ អំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប* មកធ្វើពិធីជម្រះបាបពីក្នុងផ្ទះនោះ។
50. លោកត្រូវអារ-កសត្វស្លាបមួយពីលើផើងធ្វើអំពីដី ដែលដាក់ទឹកទើបនឹងដងមក។
51. បូជាចារ្យយកឈើតាត្រៅ មែកហ៊ីសុប អំបោះរោមចៀមពណ៌ក្រហមទុំ និងសត្វស្លាបមួយទៀតដែលនៅរស់ ជ្រលក់ក្នុងឈាមសត្វដែលគេបានអារ-កលាយជាមួយទឹកទើបនឹងដងមក
52. ហើយប្រោះចំនួនប្រាំពីរដងទៅលើផ្ទះនោះ ដើម្បីជម្រះឲ្យបរិសុទ្ធ ជ្រះស្រឡះពីអំពើបាប។
53. បូជាចារ្យត្រូវលែងសត្វនៅរស់ ឲ្យហើរពីទីក្រុងចេញទៅវាល។ លោកធ្វើពិធីរំដោះបាបចេញពីផ្ទះ ហើយផ្ទះនោះនឹងបានបរិសុទ្ធ។
54. នេះជាក្រឹត្យវិន័យស្ដីអំពីរោគឃ្លង់គ្រប់យ៉ាង រោគអង្គែស៊ី
55. ការកើតកន្ទួល កើតភ្លឺ និងកើតស្រែង
56. ស្ដីអំពីការដុះផ្សិតនៅលើសម្លៀកបំពាក់ និងដុះស្លែនៅតាមជញ្ជាំងផ្ទះ។
57. ក្រឹត្យវិន័យនេះអាចជួយឲ្យគេសន្មតអំពីមនុស្ស ឬវត្ថុដែលបរិសុទ្ធ ឬមិនបរិសុទ្ធ។ នេះជាក្រឹត្យវិន័យស្ដីអំពីរោគឃ្លង់»។