33. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
34. «ពេលអ្នករាល់គ្នាចូលទៅដល់ទឹកដីកាណាន ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទុកជាកម្មសិទ្ធិ ប្រសិនបើយើងធ្វើឲ្យមានស្លែនៅតាមផ្ទះ ក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់
35. នោះម្ចាស់ផ្ទះត្រូវតែទៅប្រាប់បូជាចារ្យថា: “ខ្ញុំបានឃើញដូចជាមានស្នាមម្យ៉ាងនៅផ្ទះរបស់ខ្ញុំ”។
36. បូជាចារ្យត្រូវបញ្ជាឲ្យគេរើឥវ៉ាន់ចេញពីក្នុងផ្ទះ មុនពេលលោកចូលទៅពិនិត្យស្នាមនៅផ្ទះនោះ។ ធ្វើបែបនេះ អ្វីៗដែលនៅក្នុងផ្ទះ នៅតែបរិសុទ្ធដដែល។ បន្ទាប់មក បូជាចារ្យចូលទៅក្នុងផ្ទះ ដើម្បីពិនិត្យមើល។
37. ប្រសិនបើលោកឃើញស្នាមនៅតាមជញ្ជាំងផ្ទះនោះ មានសភាពខូងពណ៌បៃតង ឬក្រហមព្រឿងៗ ឬប្រសិនបើស្នាមនោះរូងចូលទៅក្នុងជញ្ជាំងផ្ទះ
38. បូជាចារ្យត្រូវចេញពីផ្ទះ។ ពេលមកដល់មាត់ទ្វារ លោកត្រូវបិទទ្វារផ្ទះនោះ ក្នុងរយៈពេលប្រាំពីរថ្ងៃ។
39. នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រឡប់មកពិនិត្យសាជាថ្មី។ បើស្នាមនោះរាលលើជញ្ជាំងផ្ទះថែមទៀត
40. បូជាចារ្យបញ្ជាឲ្យគេដកដុំថ្មដែលមានដុះស្លែនោះ យកទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។
41. លោកត្រូវឲ្យគេកោសជញ្ជាំងខាងក្នុងផ្ទះ ហើយយកកម្ទេចទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។
42. បន្ទាប់មក ត្រូវយកដុំថ្មផ្សេងទៀតមកដាក់ជំនួស រួចយកបាយអ មកបូកសាជាថ្មី។