22. គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ តាមលទ្ធភាពរបស់គាត់ គឺមួយសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។
23. នៅថ្ងៃទីប្រាំបី គាត់ត្រូវនាំយកតង្វាយទាំងនោះមកជូនបូជាចារ្យ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ គឺនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដើម្បីធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ។
24. បូជាចារ្យយកកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប និងយកប្រេងលើកថ្វាយព្រះអម្ចាស់។
25. បូជាចារ្យចាក់កកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជាលោះបាបនោះ ហើយយកឈាមសាច់នោះលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយ។
26. បូជាចារ្យចាក់ប្រេងក្នុងបាតដៃឆ្វេងរបស់លោក
27. ហើយយកម្រាមដៃស្ដាំរបស់លោកជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់លោក រួចប្រោះចំនួនប្រាំពីរដងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
28. បន្ទាប់មក បូជាចារ្យយកប្រេងដែលនៅក្នុងដៃ លាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយ គឺលាបពីលើឈាមរបស់សត្វដែលថ្វាយជាយញ្ញបូជាលោះបាប។
29. រីឯប្រេងនៅសល់ក្នុងបាតដៃ បូជាចារ្យត្រូវចាក់ទៅលើក្បាលរបស់អ្នកទទួលពិធីជម្រះកាយ ហើយធ្វើពិធីរំដោះបាបឲ្យគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
30. បន្ទាប់មក បូជាចារ្យយកលលកមួយ ឬព្រាបជំទើរមួយ តាមលទ្ធភាពដែលសាមីខ្លួនអាចរកបាន
31. ថ្វាយជាយញ្ញបូជារំដោះបាប រួចលោកយកសត្វមួយទៀតថ្វាយជាតង្វាយដុតទាំងមូល រួមជាមួយតង្វាយម្សៅ។ បន្ទាប់មក បូជាចារ្យធ្វើពិធីរំដោះបាបឲ្យសាមីខ្លួន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
32. នេះជាច្បាប់សម្រាប់ធ្វើពិធីជម្រះកាយឲ្យអ្នកដែលមានរោគឃ្លង់ ហើយគ្មានលទ្ធភាពគ្រប់គ្រាន់»។