2. «នេះជាច្បាប់សម្រាប់ពិធីជម្រះកាយមនុស្សឃ្លង់ឲ្យបរិសុទ្ធ: នៅថ្ងៃធ្វើពិធីជម្រះកាយ គេត្រូវនាំមនុស្សឃ្លង់មកជួបបូជាចារ្យ។
3. បូជាចារ្យត្រូវចេញពីជំរំទៅពិនិត្យមើលមនុស្សឃ្លង់។ ប្រសិនបើឃើញមនុស្សឃ្លង់នោះបានជាហើយ
4. បូជាចារ្យត្រូវបញ្ជាឲ្យគេយកសត្វស្លាបពីរក្បាលនៅរស់ ហើយបរិសុទ្ធ ព្រមទាំងយកឈើតាត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប*។
5. បូជាចារ្យត្រូវឲ្យគេអារ-កសត្វស្លាបមួយ ពីលើផើងធ្វើអំពីដី ដែលដាក់ទឹកទើបនឹងដងមក។
6. បូជាចារ្យយកសត្វស្លាបមួយទៀត ដែលនៅរស់ ព្រមទាំងយកឈើតាត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប ជ្រលក់ទៅក្នុងឈាមរបស់សត្វដែលគេបានអារ-ក នៅពីលើផើងទឹកទើបនឹងដងមកនោះ។
7. បន្ទាប់មក លោកត្រូវប្រោះចំនួនប្រាំពីរដងទៅលើមនុស្សទទួលពិធីជម្រះកាយ។ បូជាចារ្យប្រកាសថា មនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។
8. អ្នកទទួលពិធីជម្រះកាយនោះត្រូវបោកសម្លៀកបំពាក់ ហើយកោររោមទាំងអស់ រួចងូតទឹកជម្រះកាយ ទើបគាត់បានបរិសុទ្ធ។ បន្ទាប់មក គាត់ចូលទៅក្នុងជំរំវិញ តែត្រូវស្នាក់នៅក្រៅទីលំនៅរបស់ខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។
9. នៅថ្ងៃទីប្រាំពីរ គាត់ត្រូវកោរសក់ ពុកចង្កា រោមចិញ្ចើម និងរោមទាំងអស់របស់ខ្លួនសាជាថ្មីម្ដងទៀត។ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹក ទើបគាត់បានបរិសុទ្ធ។
10. នៅថ្ងៃទីប្រាំបី គាត់ត្រូវយកកូនចៀមពីរល្អឥតខ្ចោះ និងចៀមញីអាយុមួយខួបល្អឥតខ្ចោះ ព្រមទាំងម្សៅម៉ដ្ដបីរង្វាល់លាយជាមួយប្រេង និងយកប្រេងកន្លះលីត្រទៀតមក។