លេវី‌វិន័យ 14:18-27 Khmer Standard Version (KHSV)

18. រីឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត​ដៃ​របស់​បូជា‌ចារ្យ លោក​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

19. បូជា‌ចារ្យ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ហើយ​ធ្វើ​ពិធី​លោះ​គេ​ឲ្យ​រួច​ផុត​ភាព​សៅ‌ហ្មង។ បន្ទាប់​មក លោក​ចាក់​ក​សត្វ ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។

20. បូជា‌ចារ្យ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ បន្ទាប់​មក លោក​ធ្វើ​ពិធី​រំដោះ​បាប​ម្ដង​ទៀត ទើប​អ្នក​នោះ​បាន​បរិសុទ្ធ។

21. ប្រសិន​បើ​សាមី​ខ្លួន​ជា​អ្នក​ក្រ គ្មាន​លទ្ធ‌ភាព​នឹង​ថ្វាយ​តង្វាយ​គ្រប់​ចំនួន​ទេ គាត់​ត្រូវ​យក​កូន​ចៀម​មួយ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប ដើម្បី​ឲ្យ​បូជា‌ចារ្យ​លើក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​លោះ​បាប​គាត់។ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ដ​តែ​មួយ​រង្វាល់​លាយ​ជា​មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត។

22. គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​លទ្ធ‌ភាព​របស់​គាត់ គឺ​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ទាំង​មូល។

23. នៅ​ថ្ងៃ​ទី​ប្រាំ​បី គាត់​ត្រូវ​នាំ​យក​តង្វាយ​ទាំង​នោះ​មក​ជូន​បូជា‌ចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។

24. បូជា‌ចារ្យ​យក​កូន​ចៀម​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប និង​យក​ប្រេង​លើក​ថ្វាយ​ព្រះ‌អម្ចាស់។

25. បូជា‌ចារ្យ​ចាក់​ក​កូន​ចៀម​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប​នោះ ហើយ​យក​ឈាម​សាច់​នោះ​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ។

26. បូជា‌ចារ្យ​ចាក់​ប្រេង​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក

27. ហើយ​យក​ម្រាម​ដៃ​ស្ដាំ​របស់​លោក​ជ្រលក់​ទៅ​ក្នុង​ប្រេង ដែល​ស្ថិត​នៅ​ក្នុង​បាត​ដៃ​ឆ្វេង​របស់​លោក រួច​ប្រោះ​ចំនួន​ប្រាំ‌ពីរ​ដង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

លេវី‌វិន័យ 14