18. រីឯប្រេងដែលនៅសល់ក្នុងបាតដៃរបស់បូជាចារ្យ លោកត្រូវចាក់ទៅលើក្បាលអ្នកទទួលពិធីជម្រះកាយ ហើយធ្វើពិធីរំដោះបាបឲ្យគេនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
19. បូជាចារ្យថ្វាយយញ្ញបូជារំដោះបាប ហើយធ្វើពិធីលោះគេឲ្យរួចផុតភាពសៅហ្មង។ បន្ទាប់មក លោកចាក់កសត្វ ថ្វាយជាតង្វាយដុតទាំងមូល។
20. បូជាចារ្យថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈ បន្ទាប់មក លោកធ្វើពិធីរំដោះបាបម្ដងទៀត ទើបអ្នកនោះបានបរិសុទ្ធ។
21. ប្រសិនបើសាមីខ្លួនជាអ្នកក្រ គ្មានលទ្ធភាពនឹងថ្វាយតង្វាយគ្រប់ចំនួនទេ គាត់ត្រូវយកកូនចៀមមួយថ្វាយជាយញ្ញបូជាលោះបាប ដើម្បីឲ្យបូជាចារ្យលើកថ្វាយព្រះអម្ចាស់ សម្រាប់លោះបាបគាត់។ គាត់ត្រូវយកម្សៅម៉ដ្ដតែមួយរង្វាល់លាយជាមួយប្រេង ទុកជាតង្វាយម្សៅ និងយកប្រេងកន្លះលីត្រទៀត។