10. នៅថ្ងៃទីប្រាំបី គាត់ត្រូវយកកូនចៀមពីរល្អឥតខ្ចោះ និងចៀមញីអាយុមួយខួបល្អឥតខ្ចោះ ព្រមទាំងម្សៅម៉ដ្ដបីរង្វាល់លាយជាមួយប្រេង និងយកប្រេងកន្លះលីត្រទៀតមក។
11. បូជាចារ្យដែលធ្វើពិធីជម្រះកាយនាំសាមីខ្លួន និងតង្វាយរបស់គាត់ ចូលទៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
12. បូជាចារ្យយកកូនចៀមមួយ និងប្រេងកន្លះលីត្រ មកថ្វាយជាយញ្ញបូជាលោះបាប រួចលើកថ្វាយព្រះអម្ចាស់។
13. បូជាចារ្យចាក់កកូនចៀមត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយយញ្ញបូជារំដោះបាប ឬតង្វាយដុតទាំងមូល នៅក្នុងទីសក្ការៈ ដ្បិតយញ្ញបូជាលោះបាបក៏ដូចជាយញ្ញបូជារំដោះបាបដែរ សាច់របស់វាត្រូវបានជាចំណែករបស់បូជាចារ្យ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។
14. បូជាចារ្យយកឈាមសត្វដែលថ្វាយជាយញ្ញបូជាលោះបាប លាបលើស្លឹកត្រចៀកស្ដាំ លើមេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយនោះ។
15. បូជាចារ្យយកប្រេងចាក់ក្នុងបាតដៃឆ្វេងរបស់លោក
16. រួចយកម្រាមដៃស្ដាំរបស់លោកជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់លោក ហើយប្រោះប្រាំពីរដងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
17. បន្ទាប់មក បូជាចារ្យយកប្រេងដែលនៅសល់ក្នុងដៃ លាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជម្រះកាយ គឺលាបពីលើឈាមរបស់សត្វដែលថ្វាយជាយញ្ញបូជាលោះបាប។
18. រីឯប្រេងដែលនៅសល់ក្នុងបាតដៃរបស់បូជាចារ្យ លោកត្រូវចាក់ទៅលើក្បាលអ្នកទទួលពិធីជម្រះកាយ ហើយធ្វើពិធីរំដោះបាបឲ្យគេនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
19. បូជាចារ្យថ្វាយយញ្ញបូជារំដោះបាប ហើយធ្វើពិធីលោះគេឲ្យរួចផុតភាពសៅហ្មង។ បន្ទាប់មក លោកចាក់កសត្វ ថ្វាយជាតង្វាយដុតទាំងមូល។
20. បូជាចារ្យថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈ បន្ទាប់មក លោកធ្វើពិធីរំដោះបាបម្ដងទៀត ទើបអ្នកនោះបានបរិសុទ្ធ។