38. ពេលបុរស ឬស្ត្រីម្នាក់ មានស្នាមពណ៌សនៅលើស្បែក
39. បូជាចារ្យត្រូវពិនិត្យមើលគាត់។ ប្រសិនបើស្នាមសនៅលើស្បែកប្រែជាស្រអាប់វិញ នោះគ្រាន់តែជារោគសើស្បែកធម្មតាប៉ុណ្ណោះ។ គាត់ជាមនុស្សបរិសុទ្ធទេ។
40. កាលណាបុរសម្នាក់ជ្រុះសក់ទៅជាទំពែក នោះគេនៅជាមនុស្សបរិសុទ្ធដដែល។
41. ប្រសិនបើគេជ្រុះសក់ផ្នែកខាងមុខ គេមានក្បាលឆក ហើយគេក៏នៅបរិសុទ្ធដែរ។
42. ប៉ុន្តែ បើត្រង់កន្លែងដែលទំពែក ទោះបីនៅកណ្ដាលក្បាល ឬនៅផ្នែកខាងមុខក្ដី គេឃើញមានស្បែកឡើងពណ៌ក្រហមព្រឿងៗ នោះបានសេចក្ដីថាគាត់កើតរោគឃ្លង់ហើយ។
43. បូជាចារ្យត្រូវពិនិត្យអ្នកនោះ ប្រសិនបើមានកន្ទួលពណ៌ក្រហមព្រឿងៗដូចជារោគឃ្លង់ នៅត្រង់កន្លែងទំពែក ទោះបីនៅកណ្ដាលក្បាល ឬនៅផ្នែកខាងមុខក្ដី
44. បានសេចក្ដីថាគាត់កើតឃ្លង់ហើយ គាត់ក្លាយទៅជាមនុស្សមិនបរិសុទ្ធ។ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ ព្រោះគាត់កើតឃ្លង់នៅលើក្បាល។
45. អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលឲ្យនៅទទេ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។
46. ក្នុងពេលដែលគាត់កើតរោគឃ្លង់នោះ គាត់ជាមនុស្សមិនបរិសុទ្ធ ដូច្នេះ គាត់ត្រូវរស់នៅដាច់ឡែកពីគេ គឺនៅខាងក្រៅជំរំ»។
47. «ប្រសិនបើមានស្នាមដុះផ្សិតកើតឡើងនៅលើសម្លៀកបំពាក់ ទោះបីសម្លៀកបំពាក់ធ្វើពីក្រណាត់រោមចៀមក្ដី សំពត់ទេសឯកក្ដី
48. ឬស្នាមលើក្រណាត់ លើអំបោះរោមចៀម អំបោះឆៅ សម្លៀកបំពាក់ និងវត្ថុធ្វើអំពីស្បែក
49. ហើយប្រសិនបើស្នាមទាំងនោះឡើងពណ៌បៃតង ឬពណ៌ក្រហមព្រឿងៗ នោះជាស្នាមដុះផ្សិតហើយ។ គេត្រូវតែយកសម្លៀកបំពាក់ និងវត្ថុទាំងនោះទៅជូនបូជាចារ្យពិនិត្យ។