25. បូជាចារ្យត្រូវពិនិត្យមើលអ្នកជំងឺ ប្រសិនបើរោមប្រែជាមានពណ៌ស ហើយមានស្នាមខូងចូលទៅក្នុងស្បែក នោះជារោគឃ្លង់កើតត្រង់កន្លែងរលាក។ ដូច្នេះ បូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។
26. ប៉ុន្តែ បើបូជាចារ្យមិនឃើញមានរោមពណ៌សនៅកន្លែងមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ បូជាចារ្យត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
27. នៅថ្ងៃទីប្រាំពីរ ពេលបូជាចារ្យពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះរាលនៅលើស្បែក បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។
28. ផ្ទុយទៅវិញ បើស្នាមនោះនៅដដែល គឺមិនរាលដាលនៅលើស្បែក ហើយប្រែទៅជាស្រអាប់ បានសេចក្ដីថាជាស្នាមរលាក។ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ ព្រោះគ្រាន់តែជាស្នាមរលាកប៉ុណ្ណោះ។
29. ពេលបុរស ឬស្ត្រីម្នាក់ កើតជំងឺសើស្បែកនៅលើក្បាល ឬនៅត្រង់ចង្កា
30. បូជាចារ្យត្រូវពិនិត្យត្រង់កន្លែងដែលឈឺ ប្រសិនបើមានស្នាមខូងចូលទៅក្នុងស្បែក រោមប្រែជាមានពណ៌លឿង ហើយជ្រុះនៅសល់រង្វើលៗ នោះបូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺកើតអង្គែ ដែលជារោគឃ្លង់ម្យ៉ាងនៅលើក្បាល ឬនៅត្រង់ចង្កា។
31. ផ្ទុយទៅវិញ ប្រសិនបើបូជាចារ្យសង្កេតឃើញថា រោគអង្គែនោះគ្មានស្នាមខូងចូលទៅក្នុងស្បែក ហើយក៏គ្មានរោមពណ៌ខ្មៅទេនោះ លោកត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
32. នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យមើលអ្នកជំងឺ ប្រសិនបើលោកសង្កេតឃើញថាស្នាមអង្គែពុំបានរាលដាល ព្រមទាំងគ្មានរោមពណ៌លឿង ហើយគ្មានស្នាមខូងទៅចូលទៅក្នុងស្បែកទេនោះ
33. អ្នកជំងឺត្រូវកោរសក់របស់ខ្លួន តែមិនត្រូវកោរត្រង់កន្លែងកើតអង្គែឡើយ។ បូជាចារ្យត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។
34. លុះគម្រប់ពេលប្រាំពីរថ្ងៃហើយ បូជាចារ្យត្រូវពិនិត្យកន្លែងកើតអង្គែម្ដងទៀត បើអង្គែមិនរាលដាលទៅលើស្បែក ហើយគ្មានស្នាមខូងទេ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគាត់នឹងបានបរិសុទ្ធ។
35. ផ្ទុយទៅវិញ ក្រោយពីពេលបូជាចារ្យប្រកាសថាអ្នកនោះជាមនុស្សបរិសុទ្ធ ស្រាប់តែរោគអង្គែរាលដាល
36. នោះបូជាចារ្យត្រូវពិនិត្យឡើងវិញ។ ប្រសិនបើអង្គែនោះពិតជារាលដាលនៅលើស្បែកមែន បូជាចារ្យមិនចាំបាច់រកមើលរោមពណ៌លឿងទេ ដ្បិតអ្នកនោះជាមនុស្សមិនបរិសុទ្ធ។
37. ប្រសិនបើស្នាមអង្គែនៅដដែលឥតប្រែប្រួល ហើយបើមានរោមពណ៌ខ្មៅដុះឡើង នោះបានសេចក្ដីថារោគអង្គែជាសះស្បើយហើយ រីឯអ្នកជំងឺក៏បរិសុទ្ធដែរ។ ដូច្នេះ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។
38. ពេលបុរស ឬស្ត្រីម្នាក់ មានស្នាមពណ៌សនៅលើស្បែក
39. បូជាចារ្យត្រូវពិនិត្យមើលគាត់។ ប្រសិនបើស្នាមសនៅលើស្បែកប្រែជាស្រអាប់វិញ នោះគ្រាន់តែជារោគសើស្បែកធម្មតាប៉ុណ្ណោះ។ គាត់ជាមនុស្សបរិសុទ្ធទេ។
40. កាលណាបុរសម្នាក់ជ្រុះសក់ទៅជាទំពែក នោះគេនៅជាមនុស្សបរិសុទ្ធដដែល។
41. ប្រសិនបើគេជ្រុះសក់ផ្នែកខាងមុខ គេមានក្បាលឆក ហើយគេក៏នៅបរិសុទ្ធដែរ។
42. ប៉ុន្តែ បើត្រង់កន្លែងដែលទំពែក ទោះបីនៅកណ្ដាលក្បាល ឬនៅផ្នែកខាងមុខក្ដី គេឃើញមានស្បែកឡើងពណ៌ក្រហមព្រឿងៗ នោះបានសេចក្ដីថាគាត់កើតរោគឃ្លង់ហើយ។
43. បូជាចារ្យត្រូវពិនិត្យអ្នកនោះ ប្រសិនបើមានកន្ទួលពណ៌ក្រហមព្រឿងៗដូចជារោគឃ្លង់ នៅត្រង់កន្លែងទំពែក ទោះបីនៅកណ្ដាលក្បាល ឬនៅផ្នែកខាងមុខក្ដី
44. បានសេចក្ដីថាគាត់កើតឃ្លង់ហើយ គាត់ក្លាយទៅជាមនុស្សមិនបរិសុទ្ធ។ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ ព្រោះគាត់កើតឃ្លង់នៅលើក្បាល។
45. អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលឲ្យនៅទទេ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។