2. «កាលណាមនុស្សម្នាក់មានកន្ទួលនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបបូជាចារ្យ*អើរ៉ុន ឬកូនប្រុសណាម្នាក់របស់គាត់។
3. បូជាចារ្យពិនិត្យស្នាមនៅលើស្បែក ប្រសិនបើរោមដែលដុះនៅត្រង់នោះប្រែជាមានពណ៌ស រីឯស្បែកហាក់ដូចជាស្រុតចុះ បានសេចក្ដីថា អ្នកនោះកើតឃ្លង់ហើយ។ ក្រោយពីបានពិនិត្យរួច បូជាចារ្យត្រូវប្រកាសថាអ្នកនោះជាមនុស្សមិនបរិសុទ្ធ។
4. ប្រសិនបើជំងឺនោះគ្រាន់តែជាស្នាមភ្លឺពណ៌ស ស្បែកមិនស្រុត ហើយរោមក៏មិនប្រែទៅជាពណ៌សដែរនោះ បូជាចារ្យត្រូវនាំអ្នកជំងឺឲ្យទៅនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
5. លុះគម្រប់ប្រាំពីរថ្ងៃ បូជាចារ្យត្រូវពិនិត្យមើលម្ដងទៀត ប្រសិនបើសង្កេតឃើញថា ស្នាមដែលកើតឡើងនោះពុំបានប្រែប្រួល ហើយមិនរាលធំទៅលើស្បែកថែមទៀតនោះ បូជាចារ្យត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។
6. នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រូវពិនិត្យសាជាថ្មីម្ដងទៀត ប្រសិនបើស្នាមនោះប្រែជាស្រអាប់ ហើយមិនរាលទៅលើស្បែកទេ បូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សបរិសុទ្ធ គឺគ្រាន់តែកើតស្រែងប៉ុណ្ណោះ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគាត់បានបរិសុទ្ធ។
7. ប៉ុន្តែ ក្រោយពេលបូជាចារ្យប្រកាសថាគាត់បានបរិសុទ្ធហើយ ស្រាប់តែស្រែងរាលធំឡើងថែមទៀត អ្នកនោះត្រូវត្រឡប់មកជួបបូជាចារ្យវិញ។
8. បូជាចារ្យពិនិត្យជំងឺរបស់គេសាជាថ្មី ហើយពេលគាត់សង្កេតឃើញស្រែងបានរាលធំនៅលើស្បែក លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ គឺកើតឃ្លង់។
9. កាលណាមនុស្សម្នាក់កើតឃ្លង់ គេត្រូវនាំអ្នកនោះទៅជួបបូជាចារ្យ
10. ហើយបូជាចារ្យពិនិត្យអ្នកជំងឺនោះ។ ប្រសិនបើលោកសង្កេតឃើញមានកន្ទួលពណ៌សនៅលើស្បែក ហើយកន្ទួលនោះធ្វើឲ្យរោមប្រែជាមានពណ៌ស និងមានសាច់ខ្ចីដុះចេញពីកន្ទួល
11. នោះបានសេចក្ដីថាអ្នកជំងឺកើតរោគឃ្លង់រ៉ាំរ៉ៃ។ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ។ ក្នុងករណីនេះបូជាចារ្យមិនចាំបាច់ឲ្យគាត់នៅដាច់តែឯងទេ ដ្បិតគាត់មិនបរិសុទ្ធរួចទៅហើយ។
12. ផ្ទុយទៅវិញ ប្រសិនបើបូជាចារ្យឃើញថា រោគឃ្លង់កើតពេញនៅលើស្បែក ហើយរាលដាលពេញខ្លួនអ្នកជំងឺ តាំងពីក្បាលដល់ជើងនោះ
13. បូជាចារ្យត្រូវពិនិត្យមើលដោយម៉ត់ចត់។ បើលោកសង្កេតឃើញថារោគឃ្លង់កើតពេញខ្លួនអ្នកជំងឺ លោកត្រូវប្រកាសថា អ្នកជំងឺនេះជាមនុស្សបរិសុទ្ធ ដ្បិតរូបកាយរបស់គាត់ប្រែជាមានពណ៌សទាំងអស់ដូច្នេះ បានសេចក្ដីថាគាត់បរិសុទ្ធ។
14. ប៉ុន្តែ នៅថ្ងៃណា គេសង្កេតឃើញមានសាច់ខ្ចីដុះចេញពីខ្លួនគាត់ នោះគាត់នឹងទៅជាមិនបរិសុទ្ធ។
15. បូជាចារ្យឃើញសាច់ខ្ចី លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ ដ្បិតសាច់ខ្ចីបញ្ជាក់ពីភាពមិនបរិសុទ្ធទេ ដូច្នេះ អ្នកនោះកើតឃ្លង់ហើយ។
16. ប្រសិនបើសាច់ខ្ចីនោះប្រែជាមានពណ៌សវិញ អ្នកជំងឺត្រូវទៅជួបបូជាចារ្យ។