លេវី‌វិន័យ 11:34-44 Khmer Standard Version (KHSV)

34. ប្រសិន​បើ​គេ​ចាក់​ទឹក​ពី​ក្អម​នោះ ទៅ​លើ​អាហារ​សម្រាប់​បរិភោគ អាហារ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​ទឹក​សម្រាប់​ផឹក​ក៏​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។

35. ប្រសិន​បើ​មាន​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​វត្ថុ​ប្រើ‌ប្រាស់​ណា​មួយ ទោះ​បី​ចង្ក្រាន ឬ​ឡ​ក្ដី វត្ថុ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​តែ​កម្ទេច​ចោល ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វត្ថុ​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។

36. ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​ក្នុង​ប្រភព​ទឹក ឬ​អណ្ដូង​ទឹក នោះ​ទឹក​នៅ​តែ​បរិសុទ្ធ​ដដែល ប៉ុន្តែ អ្នក​ដែល​យក​ខ្មោច​សត្វ​នោះ​ចេញ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។

37. ប្រសិន​បើ​ខ្មោច​សត្វ​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញជាតិ ដែល​ទុក​សម្រាប់​សាប​ព្រោះ គ្រាប់​ទាំង​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល។

38. ប៉ុន្តែ បើ​វា​ធ្លាក់​ទៅ​លើ​គ្រាប់​ធញ្ញជាតិ​ដែល​ត្រាំ​ទឹក​រួច​ហើយ គ្រាប់​ទាំង​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។

39. ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន ប្រសិន​បើ​វា​ងាប់ អ្នក​ដែល​ប៉ះ‌ពាល់​ខ្មោច​សត្វ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

40. អ្នក​ដែល​បរិភោគ​សាច់​របស់​ខ្មោច​សត្វ​នោះ ត្រូវ​តែ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច រីឯ​អ្នក​ដែល​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

41. កុំ​បរិភោគ​សត្វ​លូន​វារ​នៅ​លើ​ដី ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។

42. អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​លូន ឬ​សត្វ​ដែល​វារ​នៅ​លើ​ដី​ឡើយ ទោះ​បី​ជា​សត្វ​ជើង​បួន ឬ​សត្វ​ជើង​ច្រើន​ក្ដី ព្រោះ​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។

43. អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​ឲ្យ​សៅ‌ហ្មង ដោយ​ប៉ះ‌ពាល់​សត្វ​ទាំង​នោះ​ឡើយ ព្រោះ​វា​នឹង​បណ្ដាល​ឲ្យ​អ្នក​ទៅ​ជា​មិន​បរិសុទ្ធ។

44. យើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រក្សា​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​បរិសុទ្ធ ដោយ‌សារ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​នោះ​ឡើយ។

លេវី‌វិន័យ 11