10. រីឯសត្វគ្មានព្រុយ គ្មានស្រកា ទោះបីជាពពួកសត្វល្អិតដែលរស់រវើកក្នុងទឹក ឬសត្វឯទៀតៗដែលរស់នៅក្នុងសមុទ្រ ឬទន្លេក្ដី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គួរស្អប់ខ្ពើម។
11. អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងនោះ កុំបរិភោគសាច់របស់វា ហើយក៏មិនត្រូវប៉ះពាល់ខ្មោចរបស់វាដែរ។
12. អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងឡាយណាដែលរស់នៅក្នុងទឹក តែគ្មានស្រកា និងគ្មានព្រុយ។
13. ក្នុងចំណោមសត្វស្លាប ដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម បរិភោគមិនបានមានដូចតទៅ: ខ្លែង ស្ទាំង ខ្លែងស្រាក
14. រអាត ត្មាតគ្រប់ប្រភេទ
15. ក្អែកគ្រប់ប្រភេទ
16. អូទ្រុស មៀម រំពេ និងប្រមង់គ្រប់ប្រភេទ
17. ទីទុយ ក្អែកទឹក ក្រៀល
18. គូក ទុង ស្មោញ
19. កុក ក្រសារគ្រប់ប្រភេទ ត្រសេះ និងប្រចៀវ។
20. អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វល្អិតដែលមានស្លាប និងមានជើង។
21. ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគសត្វល្អិត ដែលមានស្លាប និងមានជើងអាចលោតលើដី
22. ដូចជាកណ្ដូប និងចង្រិតគ្រប់ប្រភេទ។
23. រីឯសត្វល្អិតផ្សេងទៀតដែលមានស្លាប និងជើង នោះអ្នករាល់គ្នាត្រូវតែចាត់ទុកវាជាសត្វគួរស្អប់ខ្ពើមវិញ។
24. សត្វទាំងនោះនឹងបណ្ដាលឲ្យអ្នករាល់គ្នាទៅជាមិនបរិសុទ្ធ។ អ្នកណាប៉ះពាល់ខ្មោចរបស់វា អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។
25. អ្នកកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
26. សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ: គឺសត្វគ្មានក្រចកឆែក និងមិនទំពាអៀង អ្នកប៉ះពាល់សត្វនោះនឹងក្លាយទៅជាមិនបរិសុទ្ធ។
27. សត្វចតុបាទទាំងអស់ដែលដើរលើបាតជើង គឺជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចរបស់វានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។
28. អ្នកកាន់ខ្មោចសត្វនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។