1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
2. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ក្នុងចំណោមសត្វដែលរស់នៅលើផែនដី សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន
3. គឺសត្វដែលមានក្រចកឆែក ហើយទំពាអៀងផង។
4. ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណា ដែលគ្រាន់តែមានក្រចកឆែក ឬសត្វណាដែលគ្រាន់តែទំពាអៀងនោះឡើយ។ សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធមានដូចតទៅ: គឺសត្វអូដ្ឋ ដ្បិតវាទំពាអៀងតែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។
5. ទន្សាយថ្ម ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។
6. ទន្សាយព្រៃ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។
7. ជ្រូក ដ្បិតវាមានក្រចកឆែក តែមិនទំពាអៀងទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។
8. អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះឡើយ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ គឺត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។
9. ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក ទោះបីទឹកសមុទ្រក្ដី ទឹកទន្លេក្ដី អ្នករាល់គ្នាអាចបរិភោគបានតែសត្វណាមានព្រុយ និងមានស្រកាប៉ុណ្ណោះ។
10. រីឯសត្វគ្មានព្រុយ គ្មានស្រកា ទោះបីជាពពួកសត្វល្អិតដែលរស់រវើកក្នុងទឹក ឬសត្វឯទៀតៗដែលរស់នៅក្នុងសមុទ្រ ឬទន្លេក្ដី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គួរស្អប់ខ្ពើម។
11. អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងនោះ កុំបរិភោគសាច់របស់វា ហើយក៏មិនត្រូវប៉ះពាល់ខ្មោចរបស់វាដែរ។
12. អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងឡាយណាដែលរស់នៅក្នុងទឹក តែគ្មានស្រកា និងគ្មានព្រុយ។
13. ក្នុងចំណោមសត្វស្លាប ដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម បរិភោគមិនបានមានដូចតទៅ: ខ្លែង ស្ទាំង ខ្លែងស្រាក
14. រអាត ត្មាតគ្រប់ប្រភេទ