4. លោកម៉ូសេហៅលោកមីសាអែល និងលោកអែលសាផាន ជាកូនរបស់លោកអ៊ូស៊ាល ដែលត្រូវជាឪពុកមាលោកអើរ៉ុនមក ហើយបង្គាប់ពួកគេថា៖ «ចូរនាំគ្នាមកយកសាកសពបងប្អូនរបស់អ្នកពីទីសក្ការៈ ចេញទៅក្រៅជំរំ»។
5. ពួកគេធ្វើតាមបង្គាប់លោកម៉ូសេ ដោយរុំសាកសពនឹងអាវវែង ហើយសែងចេញទៅក្រៅជំរំ។
6. បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងលោកអេឡាសារ និងលោកអ៊ីថាម៉ារ ជាកូនរបស់លោកអើរ៉ុនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រាអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នា កាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់ព្រះអម្ចាស់ចុះ។
7. រីឯអ្នករាល់គ្នាវិញ មិនត្រូវចាកចេញពីមាត់ទ្វារពន្លាជួបព្រះអម្ចាស់ឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដ្បិតអ្នករាល់គ្នាបានទទួលការចាក់ប្រេងតែងតាំងឲ្យនៅបម្រើព្រះអម្ចាស់»។ លោកអើរ៉ុន និងកូនរបស់លោក ក៏ធ្វើតាមបង្គាប់លោកម៉ូសេ។
8. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖
9. «មុនពេលចូលក្នុងពន្លាជួបព្រះអម្ចាស់អ្នក និងកូនរបស់អ្នក មិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ នេះជាច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់ដំណតរៀងទៅ ឥតប្រែប្រួលឡើយ។
10. ធ្វើដូច្នេះ អ្នករាល់គ្នាចេះបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ អ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ
11. ហើយអ្នករាល់គ្នាអាចបង្រៀនជនជាតិអ៊ីស្រាអែលនូវច្បាប់ទាំងប៉ុន្មាន ដែលយើងប្រគល់ឲ្យពួកគេ តាមរយៈម៉ូសេ»។
12. លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងកូនរបស់លោក ឈ្មោះអេឡាសារ និងអ៊ីថាម៉ារ ដែលនៅរស់ថា៖ «ក្រោយពីថ្វាយតង្វាយម្សៅ ដែលដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំប៉័ងឥតមេ ហើយបរិភោគនំប៉័ងនេះនៅជិតអាសនៈ ដ្បិតនំប៉័ងនេះជាអាហារដ៏វិសុទ្ធបំផុត។