11. ហើយអ្នករាល់គ្នាអាចបង្រៀនជនជាតិអ៊ីស្រាអែលនូវច្បាប់ទាំងប៉ុន្មាន ដែលយើងប្រគល់ឲ្យពួកគេ តាមរយៈម៉ូសេ»។
12. លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុន ព្រមទាំងកូនរបស់លោក ឈ្មោះអេឡាសារ និងអ៊ីថាម៉ារ ដែលនៅរស់ថា៖ «ក្រោយពីថ្វាយតង្វាយម្សៅ ដែលដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំប៉័ងឥតមេ ហើយបរិភោគនំប៉័ងនេះនៅជិតអាសនៈ ដ្បិតនំប៉័ងនេះជាអាហារដ៏វិសុទ្ធបំផុត។
13. អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងនេះក្នុងកន្លែងសក្ការៈ ព្រោះជាចំណែករបស់បង និងកូនរបស់បង បានមកពីតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់ តាមបញ្ជាដែលខ្ញុំទទួលពីព្រះអង្គ។
14. រីឯសាច់ទ្រូង និងភ្លៅរបស់សត្វ ដែលគេលើកថ្វាយព្រះអម្ចាស់ គឺយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល នោះត្រូវតែបរិភោគនៅក្នុងកន្លែងបរិសុទ្ធជាមួយកូនប្រុសកូនស្រីរបស់បង ព្រោះជាចំណែកសម្រាប់បង និងកូនរបស់បង។
15. ពេលជនជាតិអ៊ីស្រាអែលយកខ្លាញ់មកដុតថ្វាយព្រះអម្ចាស់ ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូង លើកថ្វាយព្រះអម្ចាស់ រួចប្រគល់ឲ្យបង និងកូនៗរបស់បង ទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូចព្រះអម្ចាស់បានបង្គាប់»។
16. លោកម៉ូសេសួររកពពែឈ្មោល ដែលជាតង្វាយរំដោះបាប រួចលោកជ្រាបថាគេបានដុតវាផុតទៅហើយ។ លោកក៏ខឹងនឹងលោកអេឡាសារ ព្រមទាំងលោកអ៊ីថាម៉ារ ជាកូនរបស់លោកអើរ៉ុនដែលនៅរស់។ លោកសួរពួកគេថា៖
17. «ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគសាច់ដែលថ្វាយជាយញ្ញបូជារំដោះបាប នៅក្នុងកន្លែងសក្ការៈ? ដ្បិតសាច់នេះជាអាហារដ៏វិសុទ្ធបំផុត ដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដកបាបចេញពីសហគមន៍ និងធ្វើពិធីរំដោះបាបពួកគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
18. ដោយអ្នករាល់គ្នាមិនបានយកឈាមរបស់សត្វ ចូលមកក្នុងកន្លែងសក្ការៈទេ អ្នករាល់គ្នាត្រូវបរិភោគសាច់នៅក្នុងកន្លែងដ៏សក្ការៈ ដូចខ្ញុំបានបង្គាប់»។
19. លោកអើរ៉ុនមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «សូមស្ដាប់បងសិន ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបាននាំយកយញ្ញបូជា ដើម្បីរំដោះបាប និងយកតង្វាយទាំងមូល មកថ្វាយព្រះអម្ចាស់ ប្អូនជ្រាបអំពីរឿងដែលកើតមានដល់បងស្រាប់ហើយ ថ្ងៃនេះ ប្រសិនបើបងទទួលទានសាច់ដែលគេយកមកថ្វាយជាយញ្ញបូជារំដោះបាប តើព្រះអម្ចាស់សព្វព្រះហឫទ័យដែរឬ?»។
20. លោកម៉ូសេយល់ស្របនឹងពាក្យនេះ។