41. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់ មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។
42. ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែអារក្សផ្ដួលវា ធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅវិញ្ញាណអាក្រក់ ព្រះអង្គប្រោសក្មេងនោះឲ្យបានជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។
43. មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែង នឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖
44. «ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។
45. ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់សម្តែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។
46. ខណៈនោះ ពួកសិស្ស*ជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។
47. ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ ក៏យកក្មេងម្នាក់មកឲ្យឈរក្បែរព្រះអង្គ
48. រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។
49. លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។
50. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។
51. លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម
52. ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។