19. ពួកសិស្សទូលឆ្លើយថា៖ «អ្នកខ្លះថា លោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូបពីសម័យបុរាណដែលរស់ឡើងវិញ»។
20. ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ*ដែលព្រះជាម្ចាស់ចាត់ឲ្យមក»។
21. ព្រះយេស៊ូក៏ហាមប្រាមគេ មិនឲ្យនិយាយប្រាប់អ្នកណាជាដាច់ខាត។
22. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្ស*ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* ពួកអាចារ្យ* នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
23. បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ
24. ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។
25. បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិតនោះមានប្រយោជន៍អ្វី។
26. បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រមនុស្ស*យាងមក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និងរបស់ទេវតា*ដ៏វិសុទ្ធ* ទ្រង់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។
27. ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់»។
28. ប្រមាណជាប្រាំបីថ្ងៃ ក្រោយពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកពេត្រុស លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។
29. ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់។
30. ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលីយ៉ា សន្ទនាជាមួយព្រះយេស៊ូ។
31. លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរ ដែលព្រះអង្គត្រូវសោយទិវង្គត នៅក្រុងយេរូសាឡឹម។
32. លោកពេត្រុស និងមិត្តភក្ដិរបស់លោកសម្រាន្ដលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។