1. ព្រះយេស៊ូត្រាស់ហៅសិស្ស*ទាំងដប់ពីររូបមកជួបជុំគ្នា ហើយទ្រង់ប្រទានឫទ្ធានុភាព ប្រទានអំណាចឲ្យគេបណ្ដេញអារក្សទាំងអស់ និងមើលជំងឺផ្សេងៗឲ្យបានជា។
2. ព្រះអង្គចាត់គេឲ្យចេញទៅប្រកាសអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺឲ្យបានជាផង។
3. ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។
4. បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។
5. បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។
6. ពួកសិស្ស*នាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ* និងមើលអ្នកជំងឺគ្រប់កន្លែងឲ្យបានជាផង។
7. កាលព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ* ជ្រាបហេតុការណ៍ទាំងនោះហើយ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ”។
8. អ្នកខ្លះទៀតនិយាយថា“ព្យាការី*អេលីយ៉ាបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានព្យាការីមួយរូបពីសម័យបុរាណបានរស់ឡើងវិញ”។
9. រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានឲ្យគេកាត់ក យ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។
10. សាវ័ក*នាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ទូលព្រះយេស៊ូនូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ ព្រះអង្គនាំគេចេញដាច់ឡែកពីមហាជន តម្រង់ទៅភូមិមួយឈ្មោះបេតសៃដា
11. តែមហាជនដឹង ក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះយេស៊ូទទួលពួកគេ ហើយមានព្រះបន្ទូលអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ឲ្យគេស្ដាប់ ព្រមទាំងប្រោសអ្នកជំងឺឲ្យបានជាផង។
12. ដល់ថ្ងៃជិតលិច សិស្សទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់ឲ្យបណ្ដាជនចេញ ទៅរកម្ហូបអាហារ រកកន្លែងស្នាក់តាមផ្ទះ តាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។
13. ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ ពួកសិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ!»។
14. នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «ចូរអ្នករាល់គ្នាប្រាប់គេឲ្យអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។
15. ពួកសិស្សក៏ធ្វើតាម គឺប្រាប់គេឲ្យអង្គុយចុះទាំងអស់គ្នា។
16. ព្រះយេស៊ូយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ត្រឡើងលើ សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ។
17. គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំប៉័ងដែលនៅសល់បានពេញដប់ពីរល្អី។
18. ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋាន*ដាច់ឡែកពីបណ្ដាជន ពួកសិស្ស*ក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។
19. ពួកសិស្សទូលឆ្លើយថា៖ «អ្នកខ្លះថា លោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូបពីសម័យបុរាណដែលរស់ឡើងវិញ»។